ភ្នំពេញ៖ មួយព្រឹកមានករណីប្រុសស្រី២នាក់មកលោតទឹកសម្លាប់ខ្លួនបន្តបន្ទាប់គ្នា ម្នាក់ជាបុរសលោតបានសម្រេច និងនារីម្នាក់ទៀត មិនបានសម្រេចទេ ត្រូវគេឃាត់ទាន់ ។
ហេតុការណ៍ទី១ បានកើតឡើងកាលពីម៉ោងជិត១១ព្រឹក ថ្ងៃចន្ទ ១៣កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ នៅលើស្ពានជ្រោយចង្វាថ្មី ។
ប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ មានបុរសម្នាក់មិនដឹងមានវិបត្តិអ្វីនោះទេ បានជិះកង់ឡើងស្ពានជ្រោយចង្វាពីលិចមកកើត ខណ:មកដល់ជិតកណ្តាលស្ពានបានទុកកង់ចោលហើយលោតទំលាក់ខ្លួនពីលើស្ពានតែម្តង ដោយបន្សល់ទុកតែកង់នៅកន្លែងកើតហេតុប៉ុណ្ណោះ ។
ហេតុការណ៍ទី២ បានកើតឡើងនៅលើស្ពានដដែលនៅម៉ោងជាង១១ព្រឹក ថ្ងៃចន្ទ ១៣កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ ដោយនារីម្នាក់ប៉ងលោតទឹកស្លាប់ខ្លួនផងដែរ តែគេឃាត់ទាន់ ។
នារីដែលប៉ងសម្លាប់ខ្លួននោះឈ្មោះ ថ.ស.ព អាយុ២១ឆ្នាំ មុខរបរនៅផ្ទះ ។
ប្រភព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ នាងមានទំនាស់ក្នុងគ្រួសារក៏សម្រេចចិត្តជិះម៉ូតូឌុបមកលោតពីលើស្ពាន តែមានសមត្ថកិច្ច និងសណ្តាប់ធ្នាប់ខណ្ឌជ្រោយចង្វាឃាត់ទាន់ពេលនាងក៏ផុតពីគ្រោះថ្នាក់ ។
ក្រោយកើតហេតុនាងត្រូវបានការិយាល័យកិច្ចការនារីជ្រោយចង្វាណែនាំ និងជូនទៅផ្ទះវិញ ៕ ជ្រោយពេជ្រ