ខេត្តស្វាយរៀង៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាល ក៏ដូចជាកងរាជអាវុធហត្ថមូលដ្ឋានឡោមព័ទ្ធពេញមួយយប់ទើបឃាត់ខ្លួនបានខណ:បានប្រើហិង្សាដោយយកកាំបិតខ្វែវកាប់ទៅលើក្មួយរបស់ខ្លួនបណ្ដាលឲ្យរងរបួសដៃឆ្វេងហើយរត់ឡើងទៅលើដំបូលផ្ទះកាលពីព្រឹកវេលាម៉ោង៨ថ្ងៃចន្ទ ១៣កើត ខែបឋមាសាឍ ឆ្នាំច សំរិទ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ស្ថិតក្នុងភូមិកំពង់រទេស ឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀងមូលហេតុខឹងបងស្រី និងក្មួយរឿងយកអាត្រាក់មកភ្ជួរដីស្រែរបស់ខ្លួន ។
ពាក់ព័ន្ធនឹងករណីខាងលើនេះ សមត្ថកិច្ចនគរបាល ស្រុកបានឲ្យដឹងថា ជនសង្ស័យត្រូវជាពូមានឈ្មោះ អ៊ុក សោភា អាយុ៣៤ឆ្នាំ មុខរបរកសិករ រស់ក្នុងភូមិ ឃុំកើតហេតុខាងលើ ។ ចំណែកក្មួយដែលរងរបួសមានឈ្មោះ ជា សុភក្រ័ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកម្មកររោងចក្រ មានម្ដាយឈ្មោះអ៊ុក សាវឿន អាយុ៤៥ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិកំពង់រទេស ឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង ។
ប្រភពបានបន្ថែមទៀតថា មុនដំបូងកាលពីវេលាម៉ោង៣ និង២០នាទី ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ ជនសង្ស័យឈ្មោះ អ៊ុក សោភា ត្រូវជាប្អូនបង្កើតបានលឺថា បងស្រីរបស់ខ្លួនយកអាត្រាក់មកភ្ជួរដីស្រែរបស់ខ្លួន ក៏ស្រែកថា អ្នកណាហ៊ានអញកាប់ងាប់ចុយម្រ៉ាយ ថាហើយ ក៏ដើរទៅវាយបងស្រី ធ្វើឲ្យលឺសូរសម្លេងដល់កូនថា ម្ដាយខ្លួនត្រូវគេវាយ ក៏ប្រញាប់ប្រញាលមកអន្តរាគមន៍ និងរត់យកប៉ែលមកជួយការពារម្ដាយធ្វើឲ្យជនសង្ស័យមានកំហឹងកាន់តែខ្លាំង ក៏ជិះកង់ទៅផ្ទះដើម្បីយកកាំបិតខ្វែវមកកាប់ ខណៈមកដល់ពាក់កណ្ដាលផ្លូវ ស្រាប់តែជួបជនរងគ្រោះត្រូវជាក្មួយ ក៏ប្រើហិង្សាកាប់យ៉ាងសន្ធាប់តែម្ដង បណ្ដាលឲ្យរងរបួសដៃឆ្វេង២កាំបិត ។
ប្រភពបន្តថា ក្រោយពីធ្វើសកម្មភាពរួចមក ក៏បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានមកអន្តរាគមន៍ ប៉ុន្តែដោយជនសង្ស័យឃើញសភាពការណ៍មិនស្រួល ក៏រត់ចូលក្នុងផ្ទះហើយឡើងលើដំបូលបង្កការភ្ញាក់ផ្អើល និងសមត្ថកិច្ចមូលដ្ឋានឡោមពុទ្ធ័ពេញមួយយប់ លុះព្រឹកឡើងទើបជនសង្ស័យអស់កម្លាំងល្ហិតល្ហៃសមត្ថកិច្ចឃាត់ខ្លួនបានតែម្ដង ។
បច្ចប្បន្នជនរងគ្រោះត្រូវជាក្មួយត្រូវក្រុមគ្រូពេទ្យដេរអស់៧ថ្នេរកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកជីភូក្រុងបាវិត ។
ចំណែកជនសង្ស័យត្រូវជាពូសមត្ថកិច្ចកំពុងកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕ យឹម សុថាន