ព័ត៌មានទាន់ហេតុការណ៍៖

ឆេះសម្ភារក្នុងផ្ទះល្វែងមួយចម្អិនកំពឹសសង្ស័យជនបរទេសជាអ្នកជួលមានគំរោងដុតបំផ្លាញ

ចែករំលែក៖

ភ្នំពេញ ៖ សម្ភារក្នុងផ្ទះល្វែងមួយកន្លែងក្នុងបុរីពិភពថ្មីម្តុំផ្សារឈូកមាស ត្រូវអគ្គិភ័យឆាបឆេះបង្កការភ្ញាក់ផ្អើលទាំងព្រឹក ខណៈម្ចាស់ផ្ទះឈប់ជួលឲ្យ(ផុតកុងត្រា)ជនជាតិអាល្លឺម៉ង់ ដែលបើកបរកែច្នៃសម្ភារកំប៉ុងស្រាបៀរ និងចាក់ស្មាច់ ហើយត្រូវបានគេសង្ស័យថា ជនជាតិបរទេសរូបនោះ មានបំណងដុតបំផ្លាញ ព្រោះថាគ្រាន់តែចេញផុតមិនបាន៥នាទីផង ផ្ទះបានឆេះតាមក្រោយ ។

ករណីនេះបានកើតឡើងថ្ងៃពុធ ១៥កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង៦និង៣០នាទីព្រឹក ស្ថិតនៅផ្ទះលេខ៥៤អុឺ ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្លង់ ខណ្ឌសែនសុខ ។

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា ម្ចាស់ផ្ទះខាងលើបានជួលឲ្យទៅជនជាតិអាល្លឺម៉ង់ បើករបរ កែច្នៃ កំប៉ុងស្រាបៀរ និងចាក់ស្មាច់ ហើយត្រូវបានចប់កុងត្រានៅក្នុងថ្ងៃនេះតែម្តង ហើយម្ចាស់ផ្ទះ ក៏ឈប់ជួលឲ្យជនបរទេសរូបនោះទៀតទេព្រោះម្ចាស់ផ្ទះត្រូវលក់ទៅឲ្យអ្នកផ្សេងហើយ តម្រូវឲ្យអ្នកជួល (ជាជនជាតិបរទេសរូបនោះ)រើឥវ៉ាន់ សម្ភារ ចាកចេញ ។ ទើបគេសង្ស័យថា ជនបរទេសនោះមានបំណងដុតបំផ្លាញព្រោះនៅក្នុងផ្ទះមានក្លិនសាំងក្រអូបពេញផ្ទះហើយសមត្ថកិច្ច រកឃើញធុងហ្គាសចំនួន៣ធុង និងប៊ីដុងសាំងក្រអូប ដែលប្រជាពលរដ្ឋដាក់ការសង្ស័យទៅលើ ជនបរទេសរូបនោះ ជាអ្នកដុត ហើយចាកចេញទៅបាត់ ។

ប៉ុន្តែគ្រាន់តែអគ្គិភ័យឆាបឆេះភ្លាម ពលរដ្ឋនៅក្បែរខាងជួយ គាស់ ទ្វារ បាញ់ទឹក និងយកបំពង់ពន្លត់អគ្គិភ័យមកបាញ់ពន្លត់ភ្លើង ហើយក៏មានរថយន្តពន្លត់អគ្គិភ័យមួយគ្រឿង មកជួយដែរ តែមិនបានបានបាញ់ទឹកដោយសារភ្លើងបានរលត់ទៅវិញហើយ ។

តែគ្រោះអគ្គិភ័យខាងលើ គ្រាន់តែខូចខាតសម្ភារក្នុងផ្ទះ មិនបានបង្កគ្រោះថ្នាក់ឆេះរាលទៅផ្ទះផ្សេង ឬ បង្កឲ្យអ្នកណារងរបួសដែរ សមត្ថកិច្ច បន្តស្រាវជ្រាវ ស្វែងរក ជនបរទេសរូបនោះ៕ តុង សីហា


ចែករំលែក៖