ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ម៉ាឡេស៊ី៤នាក់ និងខ្មែរម្នាក់ដើរចងការប្រាក់ដោយដកហូតសៀវភៅគ្រួសារ និងអត្តសញ្ញាណប័ណ្ណ

ចែករំលែក៖

ខេត្តកំពត ៖ ស្នងការនគរបាលខេត្ត កំពតលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទ មធុរិទ្ធ បានឲ្យដឹងថា កម្លាំងនគរបាលខេត្តបានឃាត់ខ្លួនបុរសជនជាតិមា៉ឡេស៊ីចំនួន៤នាក់ និងស្រ្តីជាជនជាតិខ្មែរម្នាក់ដែលជាអ្នកបកប្រែពាក់ព័ន្ធសកម្មភាពរបស់ពួកគេ បានដើរចងការប្រាក់ពីប្រជាពលរដ្ឋនៅតាមមូលដ្ឋានហើយដកហូតសៀវភៅគ្រួសារ និងអត្តសញ្ញាណប័ណ្ណ ។

លោកឧត្តមសេនីយ៍ស្នងការបានបន្ត ថា ចំពោះសកម្មភាពទាំងនេះពិតជាធ្វើឲ្យមានផលលំបាក និងការប៉ះពាល់ដល់ប្រជាពលរដ្ឋសម្រាប់ការទៅបោះឆ្នោត ពីព្រោះ អត្តសញ្ញាណប័ណ្ណត្រូវបានក្រុមទាំងនេះ ដកហូតយកទៅទុកបាត់នោះ ។

លោកស្នងការខេត្តកំពតបានបន្ថែមថា កាលពីវេលាម៉ោង៥ល្ងាចថ្ងៃពុធ ១៥កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ ២០១៨ កម្លាំងនគរបាលរបស់លោកបាន ឃាត់ខ្លួនជនជាតិម៉ាឡេស៊ី២នាក់ និងស្រ្តី ខ្មែរម្នាក់ (ជាអ្នកបកប្រែ) បានធ្វើសកម្មភាព ដើរដាក់ប្រាក់ចងការពីប្រជាពលរដ្ឋនៅ ភូមិស្នំប្រាំពីរ ឃុំមាក់ប្រាង ស្រុកទឹកឈូ ចំនួន៤នាក់រួមមាន ទី១-ឈ្មោះ មុំ លក្ខណា, ទី២-ឈ្មោះ ដៀប ជុំ, ទី៣-ឈ្មោះ យន់ អាយងីន និងទី៤-ឈ្មោះ នូ ថា។ អ្នកទាំង ៤រស់នៅភូមិ-ឃុំខាងលើបាននាំគ្នាចងការប្រាក់ពីជនជាតិម៉ាឡេស៊ីក្នុងម្នាក់ៗចំនួន ៥០០ដុល្លារដោយដាក់យកសៀវភៅ គ្រួសារ និងអត្ដសញ្ញាណប័ណ្ណ ហើយក្នុង ១ថ្ងៃត្រូវបង់ថ្លៃការចំនួន៥៣.៣០០រៀលបង់រយៈពេល៣៧ថ្ងៃទើបឈប់បង់ ។

តាមការសាកសួរជនសង្ស័យឈ្មោះ ONG CHUNMING អាយុ៣២ឆ្នាំ បាន បញ្ជាក់ថា ខ្លួនជាបុគ្គលិកក្រុមហ៊ុនស៊ាង ហ៊ីដោយក្រុមហ៊ុនបានចាត់ឲ្យក្រុមខ្លួនមាន គ្នាចំនួន៥នាក់(ស្រ្តីខ្មែរម្នាក់ជាអ្នកបក ប្រែ) ចុះមកខេត្តកំពតតាំងពីថ្ងៃទី២៣ ខែ មេសា ឆ្នាំ២០១៨ ដើម្បីដើរដាក់ប្រាក់ចង ការដោយតម្កល់ទុកសន្លឹកអត្តសញ្ញាណ ប័ណ្ណ ឬសៀវភៅគ្រួសារ ។

តាំងពីបានធ្វើសកម្មភាពនៅក្នុងឃុំ មាក់ប្រាង ស្រុកទឹកឈូរហូតមកទល់ពេល បច្ចុប្បន្ននេះបានចំនួនប្រមាណ៤០នាក់ ហើយបានប្រគល់សន្លឹកអត្តសញ្ញាណ ប័ណ្ណឲ្យម្ចាស់ដើមវិញបានចំនួន២០នាក់ នៅសល់២០នាក់ទៀតមិនទាន់ប្រគល់ ដោយសារមិនទាន់សងប្រាក់គ្រប់ចំនួនវិញ ។

តាមរយៈចម្លើយនេះកម្លាំងនគរបាល បានឈានទៅឃាត់ខ្លួនគូកនចំនួន២នាក់ បន្ថែមទៀតសរុបទាំងអស់៥នាក់ ជាជន ជាតិម៉ាឡេស៊ី៤នាក់ និងស្រ្តីខ្មែរម្នាក់។ ជន សង្ស័យទាំង៥នាក់រួមមាន ទី១-ឈ្មោះ ONG CHUN MING, ទី២-ឈ្មោះ TONG KOK HOE, ទី៣-ឈ្មោះ CHIN CHING ANN, ទី៤-ឈ្មោះ OO BOON CHEW និងទី៥-ឈ្មោះ KY PANHATEAN ។

លោកស្នងការបានបញ្ជាក់ថា នៅទូទាំង ខេត្តកំពតនគរបាលរបស់លោកបានរកឃើញមានប្រជាពលរដ្ឋប្រមាណ៦០នាក់ ហើយដែលបានចងការប្រាក់ពីក្រុមហ៊ុន ម៉ាឡេស៊ីនិងបានទុកអត្តសញ្ញាណប័ណ្ណទៅលើក្រុមហ៊ុននេះ ៕ ហេង សូរិយា


ចែករំលែក៖