ព័ត៌មានទាន់ហេតុការណ៍៖

ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចដោះលែង មន្ត្រីក្រសួងដែនដី ដែលស្រវឹងស្រា បើករថយន្ត បុករថយន្តអ្នកដទៃ និងដកកាំភ្លើងគំរាមប៉ូលីស

ចែករំលែក៖

ភ្នំពេញ៖ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចដោះលែង មន្ត្រីក្រសួងដែនដី ដែលស្រវឹងស្រា បើករថយន្ត បុករថយន្តអ្នកដទៃ និងដកកាំភ្លើងគំរាមប៉ូលីស ដោយដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យ តាមផ្លូវតុលាការ។

លោក កុល បុន ជាតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ក្រោយបើកការស៊ើបសួរ លោកបានសម្រេចចោទប្រកាន់លើឈ្មោះ ម៉ៅ ច័ន្ទរស្មី ភេទប្រុស មាន តួនាទីជា អនុប្រធាននាយកដ្ឋាន បច្ចេកទេស និង អភិវឌ្ឍលំនៅឋាន ក្រសួង ដែនដី នគរូបនីយកម្ម និងសំណង់ ពីបទ គំរាមកំហែង និងបទបើកបរក្រោមស្ថានភាពស្រវឹង។

ដោយឡែក សមត្ថកិច្ចបានបង្ហើបថា ពាក់ព័ន្ធនឹងរឿងអាវុធខ្លីដែលជនត្រូវចោទ ឈ្មោះ ម៉ៅ ច័ន្ទរស្មី យកទៅគំរាមកំហែង នគរបាលខណ្ឌចំការមននោះ គឺមិនត្រូវបានតំណាងអយ្យការចោទប្រកាន់នោះទេ។

សូមបញ្ជាក់ថា សមត្ថកិច្ចបាន ឃាត់ខ្លួន ជនសង្ស័យខាងលើ កាលពីយប់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ ក្រោយពីឈ្មោះ ម៉ៅ ច័ន្ទរស្មី ស្រវឹងស្រា និងបើករថយន្ត ម៉ាកហាយឡែនឌ័រ ពណ៌ ស ពាក់ស្លាក លេខ ភ្នំពេញ 2AF-9766 ទៅបុករថយន្តម៉ាកព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AT-1914 របស់ជនរងគ្រោះឈ្មោះ ហ៊ុន សំ សែនឧត្ដម ភេទ ប្រុស អាយុ ៣៥ ឆ្នាំ មុខរបរ បុគ្គលិក ក្រុមហ៊ុន ស្នាក់នៅ នៅ ភូមិសន្សំកុសល២ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ហេតុការណ៍គ្រោះថ្នាក់ចរណ៍នេះ កើតឡើង នៅចំណុចមុខសាលាវិទ្យាល័យផ្សារដើមថ្កូវ ផ្លូវលេខ ៤៨៨ សង្កាត់ផ្សារ ដើមថ្កូវ ខណ្ឌចំការមន រាជធានី ភ្នំពេញ។

ក្រោយបង្ករួច ជនសង្ស័យ បានព្យាយាមបើករថយន្តរត់គេច ប៉ុន្តែត្រូវសមត្ថកិច្ចតាមចាប់ ពេលនោះជនសង្ស័យ បានដកកាំភ្លើងម៉ាក ប៉េរឺតា ភ្ជង់ គំរាមសមត្ថកិច្ច ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួន កសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់៕ ស រស្មី


ចែករំលែក៖