ភ្នំពេញ ៖ មនុស្សចំនួន ៣នាក់ បានបាត់បង់ជីវិត នៅនឹងកន្លែងកើតហេតុ ដោយសាររថយន្ត ដឹកទំនិញខ្នាតយក្ស បើកកៀម៉ូតូ ហើយកិន បែកក្បាល ធ្លាយខួរគួរឲ្យរន្ធត់ជាទីបំផុត ។
សាក្សីបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្ត មួយគ្រឿង ម៉ាកហ៊ីយ៉ានដាយ ពណ៍លឿង ពាក់ស្លាកលេខ ចង្កូតស្តាំ PP 2260 បើកបរក្នុងទិសដៅ ពីជើងទៅត្បូងស្របគ្នាជាមួយ ម៉ូតូម៉ាកនិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1DE-0752 ជិះគ្នា ៣នាក់ ត្រូវបានរថយន្តបើកកៀនិងកិន ពីលើជនរងគ្រោះ ទាំង ៣នាក់ បណ្តាឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែង កើតហេតុតែម្តង។
ប្រភពបន្តថា ម្ចាស់រថយន្តបង្ក ឈ្មោះខូវ ខែ ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិពោធីព័ទ្ធ ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនយកមកសាកសួរដើម្បីចាត់ការ តាមច្បាប់ផងដែរ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១និង១០ នាទីព្រឹក ថ្ងៃសុក្រ ២រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយ ផ្លូវជាតិលេខ៥ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
សមត្ថកិច្ចប្រាប់ថា ជនរងគ្រោះ បើកបរម៉ូតូឈ្មោះម៉ាត់ សារី ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិខ្មែរអីស្លាម (មុខរបរលក់ដូរ) មានទីលំនៅផ្ទះលេខ១០៥៧ ក្រុមទី៥ ភូម២ សង្កាត់ច្រាំចំរេះ១ ខណ្ឌឫស្សីកែវ បណ្ដាលឲ្យស្លាប់នៅកន្លែងកើតហេតុ, អ្នករួមដំណើរជិះក្រោយឈ្មោះសេត រ៉ូសីកា ភេទស្រី អាយុ៥ឆ្នាំ ជនជាតិខ្មែរអីស្លាម មានទីលំនៅផ្ទះលេខ១០៦៣ ក្រុម៥ ភូមិ២ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ ស្លាប់នៅកន្លែងកើតហេតុ និងអ្នកជិះក្រោយម្នាក់ទៀត ឈ្មោះម៉ាត់ សារីណា ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរអីស្លាម (មុខរបរកម្មករកាត់ដេរ)មានទីលំនៅដូចខាងលើ បណ្ដាលឲ្យ(ស្លាប់)នៅកន្លែងកើតហេតុ ៕