ព័ត៌មានទាន់ហេតុការណ៍៖

ស្ងាត់ៗបង្ក្រាបម្តងបទល្មើសលក់ដូរសាច់សត្វព្រៃ អាជ្ញាធរឃើញហើយ ដឹងហើយមិនអើពើ បែរជាទុកឲ្យអង្គការវាយអេដឆ្មក់ចុះបង្ក្រាបទៅវិញ

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ ក្រុមអង្គការវាយអេដថ្នាក់ជាតិចុះបង្ក្រាប ឈ្មួញដុះស្លែ ដាក់លក់សាច់សត្វព្រៃរស់ និងងាប់យ៉ាងអនាធិបតេយ្យ នៅលើទីផ្សារសាមគ្គី ក្រុងស្ទឹងត្រែង ខណៈអាជ្ញាធរក្រុង និងសមត្ថកិច្ចជំនាញឃើញហើយមិនបង្ក្រាប ព្រោះតែយល់ញាតិ ។

ហេតុការណ៍បង្ក្រាបនេះធ្វើឡើងនៅកែងផ្សារខាងកើតឆៀងខាងជើង ទល់មុខផ្ទះលក់ថ្នាំពេទ្យតាសី ឋិតក្នុងភូមិកណ្តាល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង វេលាម៉ោង៦និង៣៥នាទីព្រឹក ថ្ងៃសុក្រ ២រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ ។

ប្រភពពីអាជីវកលក់ដូរគ្រឿងទេសបាននិយាយថា ការលក់ដូរសាច់សត្វព្រៃនេះ មានជាយូរយារណាស់មកហើយ មុខឈ្មួញដដែលៗ មិនដែលឃើញសមត្ថកិច្ចមេព្រៃ ក្នុងខេត្ត ចុះបង្ក្រាបម្តងណាទេ ឃើញមានតែអង្គការសម្ព័ន្ធមិត្ត ហៅកាត់ថាវាយអេដទេ ចុះបង្ក្រាបយូរៗម្តង ចំណែកអង្គការនេះ ដូចជាបាត់យូរខែដែរ ទើបឃើញមកបង្ក្រាបម្តងទៀត ប្រហែលជាអង្គការនេះគាត់ទុក ឲ្យឈ្មួញទាំងនេះធំធាត់ដែរទេដឹង ។

ប្រភពដដែលបានបន្តថា ពួកគាត់ឆ្ងល់ថា ហេតុអីបង្ក្រាបបានតែសាច់សត្វព្រៃតិចតួច អ្នកលក់មានច្រើនកន្លែង ហើយជួនកាលឃាត់ខ្លួនបាន ទាំងអ្នកលក់ជាមេឈ្មួញដុះស្លែ ផងដែរ តែក្រោយមក ឃើញឈ្មួញនោះមកលក់ដដែល ដូចជាគ្មានរឿងអ្វីឡើយ ហើយដូចជាមិនរាងចាលសោះ តើច្បាប់បរបាញ់សត្វព្រៃយកមកលក់យ៉ាងអនាធិបតេយ្យនេះ មានទោសកម្រិតណា ឬក៏អត់មានទោសទេ ព្រោះសាច់សត្វព្រៃទាំងនេះជាសត្វដ៏កម្រ ជិតផុតពូជទៀតផង ហើយច្បាប់បានហាមឃាត់ទៀត បែរជាសមត្ថកិច្ចមានតួនាទី ស៊ីប្រាក់បៀវត្សរ៍រដ្ឋ មិនធ្វើការ តើថ្នាក់លើនៃក្រសួងកសិកម្ម គួរតែចាត់ការបែបណា ចំពោះមន្ត្រីអសកម្មការងារទាំងនេះ ។

មន្ត្រីអង្គការសម្ព័ន្ធវាយអេដបាននិយាយថា ការចុះបង្ក្រាបនេះ គឺធ្វើឡើងដោយសម្ងាត់ ហើយលាក់ការផងដែរ មិនអាចឲ្យមេព្រៃខេត្តដឹងបានទេ ព្រោះសុទ្ធតែគ្នាគេ បើឲ្យដឹង ឬសហការនោះមិនអាចបង្ក្រាបបានទេ បង្ក្រាបរួច ទើបនាំយកមក សុំខណ្ឌរដ្ឋបាលព្រៃឈើខេត្ត ដើម្បីដុតបំផ្លាញចោល ឯសត្វរស់ត្រូវបានយកទៅលែងក្នុងព្រៃវិញ ។

មន្ត្រីដដែលបន្តទៀតថា ចំនួនសាច់សត្វរស់ និងងាប់៖ សាច់ជ្រូកព្រៃ៥២គីឡូគ្រាម, សាច់ប្រើស២៣គីឡូគ្រាម, ងៀតជ្រូកព្រៃ៥គីឡូគ្រាម, អណ្តើកព្រិចចំនួន១ស្មើ០,6គីឡូគ្រាម, អណ្តើកបិតមុខចំនួន២ស្មើ១,៥គីឡូក្រាម, អណ្តើកភ្នំចំនួន៧ស្មើ៦គីឡូគ្រាម សរុបមានចំនួន ៨១គីឡូគ្រាម ៕ មាស សុផាត


ចែករំលែក៖