ខេត្តកំពង់ធំ៖ បុរសម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃព្រហស្បតិ៍ ១រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង២២និង១៥នាទី នៅលើកំណត់ផ្លូវជាតិលេខ៦ ភូមិត្រាច ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ ។
សមត្ថកិច្ចបានឲ្យដឹងថា អ្នកបើកបរម៉ូតូឈ្មោះ អៀង ណារ៉ូ ភេទប្រុស អាយុ ២៨ឆ្នាំ របួសធ្ងន់ (គ្មានមួកសុវត្ថិភាព)បានជិះម៉ូតូម៉ាក វេង ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ចាម1H.9761 អ្នករួមដំណើរម្នាក់ទៀតឈ្មោះ ហម ហាក់ ភេទប្រុស អាយុ ៤២ឆ្នាំ (ស្លាប់នៅនឹងកន្លែងកើតហេតុ)អ្នកទាំងពីររស់នៅភូមិត្រាច ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ ។ ចំណែកអ្នកបើកបររថយន្ត មិនស្គាល់អត្តសញ្ញាណបើករត់គេចខ្លួនបាត់ស្រមោល ។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះវាស់វែងធ្វើកំណត់ហេតុដកហូតយកវត្ថុតាងម៉ូតូយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្ទោង អ្នករងរបួសបញ្ជូនទៅមន្ទីពេទ្យ រីឯសាកសពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី និងកំពុងស្រាវជ្រាវរកជនបង្ក ៕ ប៊ុនរិទ្ធី