ភ្នំពេញ៖ ក្មេងស្រីអាយុ១៥ម្នាក់ បានរងរបួសធ្ងន់ ត្រូវបញ្ជួនទៅសង្គ្រោះនៅមន្ទីរពេទ្យ ដោយសង្ស័យបណ្តាលមកពីមូលហេតុផ្ទុះកំប៉ុងហ្គាស ។
ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១ និង៣០នាទីរសៀល ថ្ងៃសុក្រ ២រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចក្នុងបន្ទប់ជួលលេខ៦ ក្រុម៥ ភូមិភ្នំពេញថ្មី សង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
ក្មេងស្រី រងគ្រោះឈ្មោះ កាវ៉េ អាយុ១៥ឆ្នាំ មានសតិមិនសូវល្អ(មិនគ្រប់) ស្នាក់បន្ទប់ជួលខាងលើ ជាមួយឱពុកម្តាយហើយបានរងរបួសធ្ងន់ ។
តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតឪពុកបានចេញទៅធ្វើការសំណង់ ម្តាយចេញទៅធ្វើការរោងចក្រ ដោយទុកកូននៅផ្ទះម្នាក់ឯង លុះដល់ម៉ោងកើតហេតុ ស្រាប់តែមានករណីឆាបឆេះក្នុងបន្ទប់នេះតែម្តង ដោយគេសង្ស័យថា ប្រហែលក្មេងស្រីរងគ្រោះខាងលើកាច់ចង្ក្រាន់ហ្គាសលេង ទើបបណ្តាលឲ្យផ្ទុះឆេះបែបនេះ ។ ភ្លាមៗនោះ ក៏មានបងប្អូនប្រជាពលរដ្ឋជិតខាង បាននាំគ្នាជួយកទឹកទៅបាញ់ពន្លត់ទាន់ពេល ដោយមិនមានបណ្តាលឲ្យឆេះរាលដាលដល់អ្នកដទៃនោះទេ ។
ក្នុងនោះ គេឃើញមានវត្តមានលោកវរសេនីយ៍ឯកហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌលោក មេប៉ុស្តិ៍ភ្នំពេញថ្មី ក៏ដូចជាលោកចៅសង្កាត់ភ្នំពេញថ្មី ចុះមកដល់កន្លែងកើតហេតុផងដែរ ៕ តុង សីហា