ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូបត់ឆ្វេងឆ្លងផ្លូវមិនប្រយ័ត្នទៅបុកម៉ូតូបណ្ដាលឲ្យបុរសម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តកណ្ដាលៈ បុរសម្នាក់ស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័មនៅកន្លែងកើតហេតុ ខណៈដែលជិះម៉ូតូត្រូវរថយន្ដបត់ឆ្លងផ្លូវមិនប្រយ័ត្នបុកពេញមួយទំហឹង នៅវេលាម៉ោង១និង០៥នាទី ថ្ងៃសៅរ៍ ៣រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ ត្រង់ចំណុចខាងមុខហាងសុភី ស្ថិតក្នុងភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ។

មន្រ្ដីនគរបាលចរាចរណ៍ក្រុងតាខ្មៅបានឲ្យដឹងថា ជនរងគ្រោះស្លាប់មានឈ្មោះ លន់ សុភាព ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិពុកឬស្សីកណ្តាល ឃុំពុកឬស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ជិះម៉ូតូម៉ាកNight Hawk ពណ៌ខ្មៅ ពាក់ផ្លាកលេខ ខេមរភូមិន្ទ02 1-3318 ។ ចំណែករថយន្ដហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ3A-0844 បើកបរដោយឈ្មោះ ឆោម អេឡា ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិព្រែកត្របែក ឃុំកញ្ជរ ស្រុកកណ្តៀង ខេត្តពោធិសាត់ ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុគេបានឃើញរថយន្ដហ៊ីយ៉ាន់ដាយខាងលើធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ២១ លុះបើកមកដល់ចំណុចកើតហេតុរថយន្ដខាងលើបានបត់ឆ្វេងឆ្លងផ្លូវ ក្នុងទិសដៅពីកើតមកលិច ដោយមិនប្រយ័ត្នបានបុកម៉ូតូមួយគ្រឿងជិះក្នុងទិសដៅពីជើងទៅត្បូង ពេញមួយទំហឹង បណ្ដាលឲ្យបុរសម្នាក់ជាអ្នកជិះម៉ូតូស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។

ក្រោយពីមានហេតុការណ៍កើតឡើង សមត្ថកិច្ចចរាចរណ៍ក្រុងតាខ្មៅបានចុះធ្វើការវាស់វែងនិងពិនិត្យកន្លែងកើត រួចកសាងឯកសារដកហូតយកមធ្យោបាយទាំងគ្រឿងនិងបុរសជាអ្នកបើកបររថយន្ដមកអធិការដ្ឋាននគរបាលក្រុងដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។ ដោយឡែកសាកសពជនរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ


ចែករំលែក៖