ខេត្តបន្ទាយមានជ័យ ៖ កម្មករអូសរទេះជាច្រើននាក់រួមជាមួយស្ត្រីម្នាក់មានបីកូន ជាប្រពន្ធរបស់ជនសង្ស័យម្នាក់ ដែលត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តនិងក្រុងប៉ោយប៉ែតឃាត់ខ្លួន កាលពីព្រលប់ថ្ងៃទី២៨ មិថុនាឆ្នាំ២០១៨ នៅចំណុចរង្វង់មូលច្រកទ្វារអន្តរជាតិប៉ោយប៉ែត ជាប់ពីបទជួញដូរថ្នាំញៀន ជាង៤ពាន់គ្រាប់នោះ នៅវេលាម៉ោងជាង៩ព្រឹក ថ្ងៃ សៅរ៍ ៣ រោច ខែ បឋមាសាឍ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនាឆ្នាំ ២០១៨ បានលើកគ្នាទៅផ្ទះលោកសាន ស៊ានហូ អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត ស្ថិតក្នុងបុរីសានស៊ានហូភូមិគីឡូម៉ែត្រលេខ4 សង្កាត់ផ្សារកណ្តាល ដើម្បីទាមទារសុំឱ្យលោកដោះលែងប្តីគាត់ឲ្យមានសេរីភាពវិញ ។
ប្រភពព័ត៌មានបានឲ្យដឹងថា ស្ត្រីជាប្រពន្ធខាងលើ ឈ្មោះយស់ សុភាព អាយុ៤០ឆ្នាំ រស់នៅផ្ទះជួលក្នុងភូមិនិងសង្កាត់ប៉ោយប៉ែត មានមុខរបរជាកម្មករអូសរទេះនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ។ បើតាមស្ត្រីរូបនេះ បានឱ្យដឹងថា ប្តីគាត់ឈ្មោះអ៊ឹម ចយ ហៅចិត្ត អាយុ៤០ឆ្នាំ ត្រូវបានកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជាមួយថ្នាំញៀនជាង៤ពាន់គ្រាប់ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ។
ស្ត្រីរូបនេះរៀបរាប់ថា នៅថ្ងៃកើតហេតុដោយសារគ្មានប្រាក់ទិញម្ហូបឱ្យកូនប្រុស-ស្រី៤នាក់ បុរសជាប្តីក៏ចេញទៅអូសរទេះឆាលី ដោយដំបូងមានគេជួលឱ្យអូសកាបូប យកទៅឱ្យគេនៅផ្សាររុងក្លឿចំនួន2កាបូប ។ លុះទៅដល់ផ្សាររុងក្លឿ ទុកដាក់រទេះស្រួលបួល ក៏មានជនជាតិថៃម្នាក់ជួលប្តីគាត់ឱ្យស្ពាយកាបូបមួយចេញពីថៃយកទៅឱ្យមនុស្សម្នាក់ នៅរង្វង់មូលច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដោយបានកម្រៃ១០០បាត ហើយ ពេលកំពុងឈរចាំម្ចាស់កាបូបនោះ ស្រាប់តែត្រូវកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនប្តីគាត់តែម្តង ។
ជាមួយគ្នានោះដែរក្រុមកម្មករនៅកន្លែងកើតហេតុក៏បាននិយាយដែរថា បុរសដែលត្រូវកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួននោះ តាមពិតជាមនុស្សស្អាតស្អំ រកស៊ីចិញ្ចឹមប្រពន្ធកូនដោយកម្លាំងញើស រកព្រឹកខ្វះល្ងាច មិនដែលរកស៊ីអ្វីល្មើសច្បាប់ឡើយ ។
នៅពេលនោះលោកសាន ស៊ានហូ អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត បានប្រាប់គ្រួសាររងគ្រោះ និងក្រុមកម្មករឱ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញ ដោយលោកលើកឡើងថា មិនកាន់ជើងអ្នករកស៊ីបទល្មើសទេ ប៉ុន្តែលោកបានទាក់ទងទៅសមត្ថកិច្ចជំនាញតាមទូរស័ព្ទនៅចំពោះមុខប្រជាពលរដ្ឋទាំងអស់ដែលមកកាន់លំនៅដ្ឋានរបស់លោក សុំឱ្យសមត្ថកិច្ចចុះស្រាវជ្រាវដល់កន្លែងរស់នៅរបស់គ្រួសារមួយនេះ និងចុះសួរអ្នកស្រុកថា តើជនសង្ស័យជាប់ចោទស្អាតស្អំ ដូចការទាមទាររបស់ពលរដ្ឋនិងក្រុមគ្រួសារលើកឡើង ឬក៏ធ្លាប់ពាក់ព័ន្ធរកស៊ីបទល្មើស ។
លោកសាន ស៊ានហូបន្តថា បើជនសង្ស័យជាមនុស្សស្អាតស្អំ គួរតែផ្តល់ភាពយុត្តិធម៌ដល់គាត់ ដើម្បីកុំឲ្យក្រុមពលរដ្ឋទៅតវ៉ា ឬធ្វើអ្វីកន្លែងផ្សេងតទៅទៀត។
ដោយឡែក លោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ប្រាប់តាមទូរស័ព្ទថា យោងការសួរនាំជនសង្ស័យប្រាប់ថា ខ្លួនត្រូវជនជាតិថៃទាក់ទងតាមទូរស័ព្ទឱ្យជួយយកកាបូបមួយពីដីថៃមកខ្មែរ តាំងពីម៉ោង១រសៀលថ្ងៃកើតហេតុ ។ លុះល្ងាចទើបគាត់យកកាបូបនោះស្ពាយចេញមកដីខ្មែរដែលទង្វើនេះ ហាក់ដូចជាទាក់ទងគ្នាជាមុនទៅហើយ ។
យ៉ាងណាលោកមេបញ្ជាការរងថា សមត្ថកិច្ចមិនទាន់មានបទចោទអ្វីទេ ប៉ុន្តែការឃាត់ខ្លួនជនសង្ស័យខាងលើ គឺមានបទល្មើសជាក់ស្តែងនិងថ្នាំញៀនជាច្រើន ដូចជាម្សៅក្រាមពណ៌សថ្លាជិត1គីឡូក្រាម និងថ្នាំញៀប្រភេទមេតំហ្វេតាមីន ពណ៌ផ្កាកWYជាង4000គ្រាប់ គឺអាចជាករណីជួញដូរខុសច្បាប់ ទៅហើយ។ ដូច្នេះសមត្ថកិច្ចរបស់លោកសុំឃាត់បុរសនេះជាបណ្តោះអាសន្នសិនរង់ចាំស្រាវជ្រាវរកមេខ្លោងគ្រឿងញៀនដើម្បីចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់ឲ្យបាន ៕ សហការី