ព័ត៌មានទាន់ហេតុការណ៍៖

ចតរថយន្តទុកចោលមុខផ្ទះ ចូលដេកលង់លក់ភ្ញាក់ឡើងបាត់មិនដឹងទៅណា

ចែករំលែក៖

ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបន្ទាប់ពីបុរសម្នាក់បានបើករថយន្តមកពីលក់បន្លែងហើយចតទុកមុខផ្ទះរូចចូលដេកបាត់ ស្រាប់តែត្រូវក្រុមចោរលួចយកទៅបាត់ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២ និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃសៅរ៍ ៣រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅមុខផ្ទះក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។

ជនរងគ្រោះ ឈ្មោះ សុខ រតនា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ លក់ផ្លែឈើ ដឹកដើរបោះឲ្យម៉ូយ លក់បន្ត ស្នាក់នៅផ្ទះកើតហេតុ មានស្រុកកំណើត ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ ។ ចំណែករថយន្តដែលចោរលួចយកទៅបាត់ ម៉ាក កាមរីបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AC-7350 ។

តាមសម្តីជនរងគ្រោះបានឲ្យដឹងថា រថយន្តរបស់គាត់រាល់ថ្ងៃ យប់ គាត់ចតមុខផ្ទះ ហើយមុនកើតហេតុនេះ បន្ទាប់វិលត្រឡប់មកពីដឹកផ្លែធូរេន ទៅដាក់ឲ្យម៉ូយ នៅមុខព្រលានយន្តហោះពោធិចិនតុងវិញ រថយន្តបានយកចតមុខផ្ទះនៅវេលាម៉ោង១១យប់ ថ្ងៃទី២៩ ខែមិថុនា ដូចសព្វដង ហើយខណៈដែលល្វើយ អស់កម្លាំងពេក ចូលផ្ទះដេកលង់លក់បាត់ទៅ រហូតដល់វេលាម៉ោង២ និង២០នាទីរំលងអធ្រាត្រ ចូលថ្ងៃទី៣០ ខែមិថុនានេះ កូនស្រីដាស់ប្រាប់ បន្ទាប់ពីមិនបានឃើញរថយន្តនៅមុខផ្ទះ ទើបនាំគ្នាឆោឡោ ដឹងថារថយន្តត្រូវបានចោរលួចយកទៅបាត់ហើយ ។

ក្រោយពីដឹងថារថយន្តជនសង្ស័យលួចយកបាត់ ជនរងគ្រោះ កាន់ឯកសារ រត់ទៅប្តឹងនគរបាលប៉ុស្តិ៍ចោមចៅ៣ ទាំងយប់ ដើម្បីឲ្យជួយអន្តរាគមន៍ស្រាវជ្រាវ តាមរកចាប់ជនសង្ស័យ ៕ សុខាសែនជ័យ


ចែករំលែក៖