ខេត្តស្វាយរៀង៖ មានការឆោឡោដល់ក្រុមគ្រួសារ និងស្រែកផ្អើលដល់អ្នកភូមិកំពុងដេកលង់លក់រត់មកចោមរោមមើលគ្រប់ៗគ្នា ខណៈបរទះឃើញកូនស្រីចងករក្រោមក្រោលក្របីប្រញាប់ប្រញាលស្រាយ និងជួយសង្គ្រោះប៉ុន្តែអកុសលយឹតពេលទៅហើយ ។
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង៤ទៀបភ្លឺថ្ងៃសៅរ៍ ៣រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតក្នុភូមិត្រពាំងឌៀលើ ឃុំច្រេស ស្រុកចន្ទ្រា ខេត្តស្វាយរៀង ។
យោងតាមសមត្ថកិច្ចនគរបាល ស្រុកបានឲ្យកាសែតនគរវត្តដឹងថាស្ត្រី ដែលសង្ស័យចងក សម្លាប់ខ្លួនមានឈ្មោះ សៀង ម៉ារ៉ា អាយុ៣១ឆ្នាំ មុខរបរកសិករ រស់នៅភូមិត្រពាំងដៀលើ ឃុំច្រេស ស្រុកចន្ទ្រា ខេត្តស្វាយរៀង ។
បើតាមស្រ្តីជាម្ដាយបានរៀបរាប់ប្រាប់សមត្ថកិច្ចទាំងទឹកភ្នែកថា គាត់មិនដឹងថា មានមូលហេតុអ្វីបានជាគិតខ្លីដូចនេះ ខណៈមិន ដែលមានជម្លោះជាមួយក្រុមគ្រួសារ និងអ្នកភូមិនោះទេ ដោយកូនស្រីស្លូតបូតរួសរាយរាក់ទាក់ណាស់ ។
ប្រភពបន្តថា មុនកើតហេតុពេលព្រលប់ឃើញកូនស្រីអង្គុយតែម្នាក់ឯងមិនសូវនិយាយស្ដី ធ្វើឲ្យគាត់មានការងឿងឆ្ងល់ ក៏សួរនាំ ប៉ុន្តែកូនស្រីបាននិយាយតបថាមិ នមានរឿងអ្វីនោះទេម៉ែ រួចចូលគេង ។ ស្រាប់តែនៅវេលាកើតហេតុម៉ោង៤ទៀបភ្លឺ គាត់ក៏ចេញទៅក្រៅផ្ទះដើម្បីបត់ជើង ស្រាប់តែក្រឡេកឃើញកូនស្រីចងក នឹងឈើននងក្រោលក្របី ក៏បង្កការភ្ញាក់ផ្អើតែម្ដង ។
លុះនៅព្រឹកថ្ងៃសៅរ៍ ៣រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ សមត្ថកិច្ចនគរបាលជំនាញ និងនគរបាល ស្រុកកងរាជអាវុធហត្ថ ស្រុក និងគ្រូពេទ្យបានមកពិនិត្យសាកសពជាច្រើនម៉ោង ដោយសន្និដ្ឋានថា ពិតជាចងកប្រាកដមែន ខណៈមិនឃើញមានស្លាកស្នាមថា ជារឿងឃាតកម្មអ្វីនោះទេ ទើបប្រគល់សពទៅឲ្យក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណី ៕ យឹម សុថាន