ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជា-ចិននឹងចុះកិច្ចព្រមព្រៀងគម្រោងអភិវឌ្ឍន៍ផ្លូវខ្សែក្រវាត់ក្រុងទី៣ឆាប់ៗនេះ

ចែករំលែក៖

ភ្នំពេញ ៖ កម្ពុជា និងប្រទេសចិនគ្រោងចុះកិច្ចព្រមព្រៀងលើគម្រោងអភិវឌ្ឍន៍ផ្លូវខ្សែក្រវាត់ក្រុងទី៣ប្រវែង៤៧.៦០៨គីឡូម៉ែត្រក្នុងទំហំទឹកប្រាក់វិនិយោគរាប់លានដុល្លារនៅក្នុងពេលអនាគតដ៏ខ្លីខាងមុខ នេះ។ នេះបើយោងតាមការប្រកាសជាផ្លូវការរបស់ប្រមុខរាជរដ្ឋាភិបាលកាលពីព្រឹក ថ្ងៃសុក្រ ២រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិ ស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែ មិថុនា ឆ្នាំ២០១៨ ។

ប្រមុខរាជរដ្ឋាភិបាលបានបញ្ជាក់ថា បើត្រឹមពឹងផ្អែកលើថវិការបស់សាលាក្រុងមិនគ្រប់គ្រាន់ក្នុងការអភិវឌ្ឍគម្រោងផ្លូវខ្សែ ក្រវាត់ក្រុងទី៣នោះទេ។ ដូច្នេះកម្ពុជាត្រូវតែស្វែងរកហិរញ្ញប្បទានបរទេសបន្ថែម ហើយពិធីចុះកិច្ចព្រមព្រៀងរវាងប្រទេស កម្ពុជានឹងចិនលើគម្រោងអភិវឌ្ឍន៍ផ្លូវខ្សែក្រវាត់ក្រុងទី៣គ្រោងធ្វើឆាប់ៗនេះ ខណៈដែលគម្រោងអភិវឌ្ឍន៍ផ្លូវខ្សែក្រវាត់ក្រុងទី២កំពុងដំណើរការសាងសង់នៅឡើយ ។

ផ្លូវក្រវាត់ក្រុងខ្សែទី៣នេះមានរចនា សម្ព័ន្ធគម្រោងមានទីតាំងភូមិសាស្រ្តខេត្តកណ្តាល (ភ្ជាប់ពីផ្លូវជាតិលេខ៤ ទៅផ្លូវ ជាតិ២១) លាតសន្ធឹងលើឃុំ-សង្កាត់ចំនួន ១៧នៃស្រុកចំនួន៣ក្នុងខេត្តកណ្តាល ។

ចំណែករាជធានីភ្នំពេញមានខណ្ឌចំនួន ២ចាប់ផ្តើមពីPK១៦+៨០០ផ្លូវកប់ស្រូវ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និង បញ្ចប់គឺចំណុចប្រសព្វPK៦៤+៤០៨ និង ផ្លូវជាតិលេខ១នៅភូមិឃុំបន្ទាយដែក ឃុំដី ឥដ្ឋ ឃុំកំពង់ស្វាយ និងឃុំឈើទាល ស្រុក កៀនស្វាយ។ នៅក្នុងស្រុកស្អាងមានឃុំ កោះអន្លង់ចិន ឃុំសិត្បូ ឃុំរកាខ្ពស់ ស្រុក កណ្តាលស្ទឹងមានឃុំកណ្តោកជើងកើប និងឃុំព្រះពុទ្ធ។ នៅរាជធានីគម្រោងផ្លូវឆ្លងកាត់ខណ្ឌដង្កោរួមមាន សង្កាត់គងនយ សង្កាត់សាក់សំពៅ សង្កាត់ពងទឹក សង្កាត់ ប្រទះឡាង ខណ្ឌពោធិ៍សែនជ័យមាន សង្កាត់ភ្លើងឆេះរទះ សង្កាត់កន្ទោក និង សង្កាត់ចោមចៅ ។

សូមបញ្ជាក់ថា គម្រោងសាងសង់ផ្លូវ ក្រវាត់ក្រុងទី៣នេះក៏មានការសាងសង់ស្ពានអាកាសកាត់ផ្លូវជាតិលេខ៤ លេខ៣ និងលេខ២១ និងសាងសង់ស្ពានឆ្លងទន្លេបាសាក់ចំនួន១០នៅស្រុកស្អាង និងស្រុក កៀនស្វាយដែលមានទទឹង២៥ម៉ែត្រ និង ក្រាលកៅស៊ូអ៊ុត (AS phaltconcrete) និងមានលូ១០១កន្លែងមាន២ប្រភេទគឺប្រភេទលូមូលចំនួន២៨កន្លែងមុខកាត់ជាមធ្យម១,៦០ម៉ែត្រប្រភេទលូជ្រុងចំនួន៧៣កន្លែងមុខកាត់ជាមធ្យម៣ម៉ែត្រ ៕ ហេង សូរិយា


ចែករំលែក៖