ខេត្តកណ្ដាល៖ ម៉ូតូហុងដាICONមួយគ្រឿងបើកបោះពួយលឿនដូចហោះមិនប្រយ័ត្ន ជ្រុលទៅបុកម៉ូតូសង់កូរ៉េមួយគ្រឿងទៀតពីក្រោយពេញមួយទំហឹង បណ្ដាលឲ្យបុរសជាអ្នកជិះម៉ូតូហុងដា ICONទទួលរងរបួសធ្ងន់ រីអ្នកជិះម៉ូតូសង់កូរ៉េ២នាក់របួសស្រាល ។ ករណីខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១៨និង៣០នាទី ថ្ងៃអាទិត្យ ៤រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៨ លើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ៣៣-៣៤ ស្ថិតក្នុងភូមិសង្វរ ឃុំកំពង់លួង ស្រុកពញាឮ ។
មន្រ្ដីនគរបាលចរាចរណ៍ស្រុកពញាឮបានឲ្យដឹងថា ជនរងគ្រោះរបួសធ្ងន់ពុំទាន់ស្គាល់អត្ដសញ្ញាណ ជិះម៉ូតូម៉ាកហុងដា ICON ធុនសេ១២៥ ពណ៌លឿង+ស ពាក់ស្លាកលេខ តាកែវ 1D-1799 ។ ចំណែកឯម៉ូតូមួយ គ្រឿងទៀតម៉ាកសង់កូរ៉េ ធុនសេ១០០ ពណ៌ក្រហម ពាក់ស្លាកលេខ កណ្តាល1A-7917 ជិះដោយឈ្មោះ ខន ណាង ភេទប្រុស អាយុ៣៣ឆ្នាំ (របួសស្រាល) រួមដំណើរជាមួយឈ្មោះ ហ៊ុល ឆៃណា ភេទប្រុស អាយុ៣៩ឆ្នាំ (រងរបួសស្រាល) ។ ជនរងគ្រោះទាំង២នាក់ មានទីលំនៅភូមិពាមលង្វែក ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល ។
ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុសាក្សីបានឃើញជនរងគ្រោះរបួសធ្ងន់ ជាអ្នកជិះម៉ូតូហុងដា ICON ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីលិចទៅកើត ដោយល្បឿនលឿន លុះជិះមកដល់ចំណុចកើតហេតុបានជ្រុលទៅបុកគូថពីក្រោយម៉ូតូមួយគ្រឿងទៀតម៉ាកសង់កូរ៉េ ជិះក្នុងទិសដៅស្របទិសគ្នាពេញមួយទំហឹង បណ្ដាលឲ្យជនរងគ្រោះជាអ្នកជិះម៉ូតូ ICONទទួលរងបួសធ្ងន់ រីឯជនរងគ្រោះជាអ្នកជិះម៉ូតូសង់កូរ៉េនិងអ្នករួមដំណើររងរបួសស្រាល ។
ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះរបួសធ្ងន់ ត្រូវរថយន្ដសាមុយដឹកបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យរាជធានីភ្នំពេញ ។ ដោយឡែកមធ្យោបាយពាក់ព័ន្ធទាំង២គ្រឿងត្រូវបានសមត្ថកិច្ចជំនាញស្រុកពញាឮចុះធ្វើការវាស់វែង និងកសាងឯកសារដកហូតយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕ ស្អាងជ័យ