ខេត្តព្រះវិហារ៖ ប្រភពពីប្រជាពលរដ្ឋនៅក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានឲ្យដឹងថា បច្ចុប្បន្នមានមន្ត្រីយោធាជាន់ខ្ពស់គឺជាអ្នកឃុបឃិតបើកដៃឲ្យឈ្មួញបង្កើតរោងម៉ាស៊ីនរ៉ៃអារឈើចំនួន៨កន្លែងដើម្បីប្រមូលលុយចែកគ្នាធ្វើមានធ្វើបានដោយគ្មានញញើតអ្វីទាំងអស់។ ពាក់ព័ន្ធនឹងបញ្ហានេះលោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ ក៏ដូចជាមេរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ កំពុងតែរក្សាភាពស្ងៀមស្ងាត់ ក្នុងខណៈដែលព្រៃឈើនៅសេសសល់ក្នុងស្រុកជាំក្សាន្ត កំពុងតែប្រឈមនឹងសេចក្ដីវិនាស។ ប្រជាពលរដ្ឋដែលជាគ្រួសារអតីតយុទ្ធជនបានលើកឡើងថា មេបញ្ជាការយោធាកងពលលេខ៣ និងមេបញ្ជាការរងយោធាកងពលលេខ៣ ឈ្មោះ នី គឺជាអ្នកឃុបឃិតឲ្យឈ្មួញបង្កើតរោងម៉ាស៊ីនរ៉ៃអារឈើ៨កន្លែងក្រោមលេសអភិវឌ្ឍន៍គ្រួសារយោធិនក្នុងតំបន់នេះ។
បើតាមប្រភពពីសមត្ថកិច្ចនិងមន្ត្រីអាជ្ញាធរមូលដ្ឋានក្នុងស្រុកជាំក្សាន្ត បានឲ្យដឹងថា មួយរយៈចុងក្រោយនេះពួកគាត់បានឃើញរថយន្តដឹកឈើអារច្រៀករួចចេញពីទីតាំងរោងម៉ាស៊ីនអារឈើជាច្រើនកន្លែងនៅក្នុងភូមិបារមីតេយោ ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ យកទៅលក់ចែកចាយតាមដេប៉ូក្នុងខេត្តឧត្ដរមានជ័យ ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង។
ប្រការនេះកំពុងតែធ្វើឲ្យព្រៃឈើដែលនៅសេសសល់ក្នុងស្រុកជាំក្សាន្ត ត្រូវប្រឈមនឹងសេចក្ដីវិនាស ប្រសិនបើលោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ ព្រមទាំងក្រសួងនិងស្ថាប័នពាក់ព័ន្ធ មិនចាត់វិធានការទប់ស្កាត់ឲ្យបានទាន់ពេលវេលាទេនោះ។ ប្រភពបានឲ្យដឹងទៀតថាលោក នី មេបញ្ជាការរងអង្គភាពយោធាកងពលលេខ៣ ដែលមានការឃុបឃិតបើកដៃពីសំណាក់មេបញ្ជាការកងពលលេខ៣ គឺជាអ្នកជាប់ពាក់ព័ន្ធនឹងបទល្មើសបំផ្លាញព្រៃឈើក្នុងស្រុកជាំក្សាន្ត ដូច្នេះក្រសួងនិងស្ថាប័នពាក់ព័ន្ធគួរចាត់វិធានការទប់ស្កាត់ជាបន្ទាន់។
ប្រភពពីនាយទាហាននិងពលទាហានក្នុងកងពលលេខ៣ បានឲ្យដឹងថា មេៗរបស់ពួកគេបានប្រើលេសអភិវឌ្ឍន៍គ្រួសារយោធិនដើម្បីឃុបឃិតឲ្យឈ្មួញកាប់ឈើនិងអារច្រៀកឈើដឹកជញ្ជូនធ្វើអាជីវកម្មខុសច្បាប់យ៉ាងរាលដាលដើម្បីជាថ្នូរនឹងផលប្រយោជន៍។ ជាក់ស្ដែងនៅក្នុងភូមិបារមីតេយោ ឃុំយាង ស្រុកជាំក្សាន្ត មានរោងម៉ាស៊ីនរ៉ៃអារឈើដល់ទៅ៨កន្លែងហើយឈើទាំងនោះមិនត្រូវបានគេយកទៅប្រើប្រាស់សម្រាប់សាងសង់លំនៅដ្ឋានឲ្យគ្រួសារអតីតយុទ្ធជននោះឡើយ។
ឈើទាំងនោះត្រូវបានគេដឹកជញ្ជូនយកទៅលក់ចែកចាយតាមដេប៉ូក្នុងខេត្តឧត្ដរមានជ័យ ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង យ៉ាងពេញបន្ទុក។ ដូច្នេះហើយទើបមានការអំពាវនាវឲ្យថ្នាក់ដឹកនាំក្រសួងការពារជាតិ និងនាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ចាត់វិធានការទប់ស្កាត់បញ្ហាខាងលើនេះជាបន្ទាន់ដើម្បីកុំឲ្យមន្ត្រីយោធាក្នុងអង្គភាពកងពលលេខ៣ ជាប់ពាក់ព័ន្ធទៅនឹងបទល្មើសបំផ្លាញព្រៃឈើតទៅទៀត៕ ហេង សូរិយា