ព័ត៌មានទាន់ហេតុការណ៍៖

សាកសពបុរសម្នាក់ត្រូវពលរដ្ឋប្រទះឃើញស្លាប់នៅឯជើងភ្នំដោយសង្ស័យថាករណីខ្យល់គរ

ចែករំលែក៖

ខេត្តកណ្ដាលៈ ពលរដ្ឋជាអ្នកគង្វាលគោម្នាក់ បានប្រទះឃើញសាកសពបុរសម្នាក់ដេកស្លាប់ក្បែរជើងភ្នំថ្មបីដុំ បង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១៧និង១០នាទី ថ្ងៃសៅរ៍ ៣រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ ត្រង់នៅចំណុចកន្លៀតថ្មជើងភ្នំបីដុំ ស្ថិតនៅក្នុងភូមិបាសិត ឃុំម្កាក់ស្រុកអង្គស្នួល ខេត្តកណ្តាល ។

មន្រ្ដីនគរបាលផ្នែកកោសល្យវិច្ច័យស្រុកអង្គស្នួលបានឲ្យដឹងថា សាកសពជនរងគ្រោះមានឈ្មោះ ជៀប រស្មី ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌ័ច្បាអំពៅ រាជធានីភ្នំពេញ។

ប្រភពដដែលបន្ដថា តាមការបំភ្លឺរបស់ឈ្មោះ ជៀប សារួន ភេទប្រុស អាយុ៦២ឆ្នាំ មានទីលំនៅភូមិបាសិត ឃុំម្កាក់ស្រុកអង្គស្នួល ត្រូវជាបងបង្កើតបានឲ្យដឹងថា នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ ជនរងគ្រោះត្រូវជាប្អូនរបស់បានមកលេងផ្ទះគាត់(ត្រូវជាបង) តែរូបគាត់ពុំព្រមឲ្យស្នាក់នៅនោះទេ ដោយឃើញថា ជនរងគ្រោះត្រូវជាប្អូនជាមនុស្សបែកថ្នាំញៀន ខ្លាចបង្កអុកឡុកដល់ក្រុមគ្រួសារគាត់ ភ្លាមនោះជនរងគ្រោះក៏បានចាកចេញពីផ្ទះបងបាត់ទៅ ។ លុះមកដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ ម៉ោងប្រមាណ១៦និង៤៥នាទី មានបុរសម្នាក់ឈ្មោះ ប៉ុក សាវេត ភេទប្រុស អាយុ៦១ឆ្នាំ មុខរបរកសិករ នៅភូមិបាសិត ឃុំម្កាក់ បានប្រទះឃើញសាកសពជនរងគ្រោះដេកស្លាប់នៅត្រង់កន្លៀតថ្មបីដុំ ខណៈដែលទៅឃ្វាលគោតាមជើងភ្នំ រួចក៏មកប្រាប់រូបគាត់ជាបងជនរងគ្រោះនិងរាយការណ៍ជូនសមត្ថកិច្ចចុះមកពិនិត្យ ។

ក្រោយពីសមត្ថកិច្ចទទួលបានព័ត៌មានភ្លាម សមត្ថកិច្ចក៏ទៅពិនិត្យសាកសពជនរងគ្រោះនៅកន្លែងកើតហេតុ រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារខ្យលគរប្រាកដមែន ពុំមានជាប់ពាក់ព័ន្ធទៅនឹងបទល្មើសអ្វីផ្សេងឡើយ ។ ក្រោយពីពិនិត្យចប់ សមត្ថកិច្ចបានប្រគល់សាកសពទៅឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ស្អាងជ័យ


ចែករំលែក៖