ភ្នំពេញៈ បុរសម្នាក់ ដែលគេស្គាល់ថា ឈ្មោះ រ៉ា ជាអគ្គនាយកក្រុមហ៊ុនដឹកជញ្ជូន បើករថយន្តស៊េរីទំនើប មួយគ្រឿង ជ្រុលទៅបុកសួនចែកទ្រូវផ្លូវ បណ្តាលរងការខូចខាតបន្តិចបន្តួចតែអ្វីដែលសំខាន់នោះគឺអ្នកបើករថយន្តបានគំរាមក្រុមអ្នកសារព័ត៌មានទៀត ។ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង២៖៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃអាទិត្យ ៤រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវR៥ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ ទំនងជាស្រវឹងស្រា បើករថយន្តម៉ាក Mercedes ស៊េរីទំនើបមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AL-9188 ធ្វើដំណើរបណ្តោយផ្លូវR៥ ក្នុងទិសដៅពីកើតទៅលិច ។ ខណៈមកដល់ចំណុចកើតហេតុបានជ្រុលចង្កូតទៅបុកឡើងសួនចែកទ្រូងផ្លូវ បណ្តាលឲ្យការខូចខាតអស់ជាច្រើន ខណៈរថយន្តខូចខាតផ្នែកខាងមុខទៅលេងរួច ។
បន្ទាប់ពីកើតហេតុ ក្រុមអ្នកសារព័ត៌មានបានចុះដល់កន្លែងកើតហេតុ ដើម្បីថតយករូបភាព តែត្រូវម្ចាស់រថយន្តទំនងជាស្រវឹងស្រាបានមកហាមមិនឲ្យថត ហើយថែមទាំងរករឿងក្រុមអ្នកសារពត៌មាន និងបានប្រមាថជីវិតក្រុមអ្នកសារព័ត៌មានថា “បើនៅតែថត ប្រាប់ហើយមិនស្តាប់ទេ ប្រយ័ត្នបាត់ជីវិតវ៉ើយ” ។ ភ្លាមនោះក្រុមអ្នកសារពត៌មានឮដូច្នោះ មានការភិតភ័យគ្រប់គ្នា និងដោយមានការសម្របសម្រួលពីក្រុមសន្តិសុខក្រុមហ៊ុនផ្លូវ R5 និងសមត្ថកិច្ចមានទាំងកម្លាំងអាវុធហត្ថខណ្ឌដូនពេញ និងកម្លាំងសមត្ថកិច្ចមូលដ្ឋាន ទើបក្រុមអ្នកសារព័ត៌មានដកថយនឹងឈប់ថតឡាយ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានឲ្យភាគីខាងរថយន្ត សម្របសម្រួលជាមួយខាងម្ចាស់ផ្លូវ ព្រោះផ្លូវនេះ ជាផ្លូវរបស់ឯកជន ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ ។ បន្ទាប់មក ម្ចាស់រថយន្តបានហៅរថយន្តមកអូសយកទៅជួសជុលដោយខ្លួនឯង៕ ជ្រោយពេជ្រ