ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តនិងរថយន្ត បណ្ដាលឲ្យបុរសបរទេសម្នាក់ រងរបួសធ្ងន់ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ និងម្នាក់ទៀតរបួសស្រាល ខណ:ពេលកំពុងបើករថយន្តខ្វះការប្រុងប្រយ័ត្ន ឆ្លងកាត់ផ្លូវបំបែកជាបួន ។
ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើងនៅវេលាម៉ោង៣និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃអាទិត្យ ៣រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១ ខែ កក្កដា ឆ្នាំ២០១៨នេះ នៅត្រង់ចំណុចមុខ ធនាគារ ហុងលីអុង ផ្លូវបំបែកជាបួន ផ្លូវលេខ២១៤ កែងផ្លូវ លេខ៥១ ស្ថិតក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៍មានពីប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍នេះ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿង ម៉ាក ហុងដា ហ្វីត ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ ចង្កូតស្ដាំ KCHH-0001 បើកបរដោយបុរសបរទេសស្បែកសម្នាក់ រួមដំណើរជាមួយបុរសបរទេសម្នាក់ទៀត ដោយធ្វើដំណើរតាមបណ្ដោយផ្លូវ លេខ២១៤ ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុដែលជាផ្លូវបែកជាបួន រថយន្តបានបន្ថយល្បឿន បម្រុងបើកឆ្លងកាត់ផ្លូវលេខ៥១ ស្រាប់តែមានរថយន្ត Hilux Vigo ពណ៌ ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AF.2261 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៥១ ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនយ៉ាងលឿន ក៏ជ្រុលចង្កូតទៅបុករថយន្ត Honda Fit ទាំងកំរោលចំកង់មុខផ្នែកខាងស្ដាំ យ៉ាងពេញទំហឹង បណ្ដាលឲ្យរថយន្ត Honda Fit ខ្ទាតឡើងទៅលើចិញ្ចើមផ្លូវ បណ្ដាលឲ្យបុរសបរទេសទាំងពីរនាក់ នោះរងរបួសធ្ងន់និងស្រាល ដោយអ្នករបួសធ្ងន់ត្រូវបាន រថយន្តគិលានសង្គ្រោះគ្លីនិកឯកជនដឹកយកទៅមន្ទីរពេទ្យ។ ចំណែកឯអ្នករបួសស្រាល បានឡើងម៉ូតូឌុបជិះចេញទៅភ្លាមៗផងដែរ។ ចំណែករថយន្តទាំងពីរគ្រឿងរងការខូចខាតយ៉ាងដំណំ។
សាក្សីដដែលបានបន្តទៀតថា ក្នុងហេតុការណ៍នោះគេអ្នកបើកបររថយន្ត Hilux Vigo បានចុះពីលើរថយន្ត រួចទាក់ទងហៅបុរស មាឌធំជាច្រើននាក់ ស្លៀកពាក់ឯកសណ្ឋានអង្គរក្ស ឲ្យចុះមកជួយអន្តរាគមន៍នៅកន្លែងកើតហេតុ រួចដឹកអ្នកបើកបររថយន្តបង្កចេញទៅបាត់ ដោយបន្សល់ទុករថយន្តនិងបុរសមាឌធំជាច្រើន នាក់នោះ នៅឈរបិទបាំងស្លាកលេខ មិនឲ្យក្រុមអ្នកសារព័ត៌មានផ្ដិតយករូបភាពនោះទេ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ និងធ្វើការទាក់ទងទៅសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ ចុះមកធ្វើការវាស់វែង ស្ទូចយករថយន្តទាំងពីរគ្រឿងនេះ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំភាគីទាំងសងខាងដោះស្រាយគ្នាតាមច្បាប់ ៕ ស តារា