ភ្នំពេញ៖ ទីបំផុតគេបានរក់ឃើញម្ចាស់ពានរង្វាន់សហគ្រិនវ័យក្មេងឆ្នើម របស់កម្ពុជា ឆ្នាំ២០១៨ ចំនួន៥រូប កាលពីរាត្រីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ នៅសណ្ឋាគារសុខា ដោយមានការចូលរួមពីសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា (JCI) សាខាមេគង្គ និងសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) បានសហការរៀបចំ «ពិធីប្រកាសសហគ្រិនវ័យក្មេងឆ្នើមទាំង៥រូប»នៃពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជា ឆ្នាំ ២០១៨ (Cambodian Young Entrepreneur Awards 2018) ។
សហគ្រិនវ័យក្មេងកម្ពុជាទាំង៥នាក់ មានទី ១ ឈ្មោះ គៀត អភិវឌ្ឍន៍ ទទួលបានពានឆ្នើម ទី ២ ឈ្មោះ ផាវ ដារ័ត្ន ពានរង្វាន់សង្គម ទី៣ ខេង វ៉ានដា ពានរង្វាន់បច្ចេកវិទ្យា ទី៤ ឈ្មោះ ថូង ធីតា ពានរង្វាន់សហគ្រិនឆ្នើមស្រ្តី ទី៥ ឈ្មោះ វី ថានី ពានរង្វាន់អាជីវកម្មទើបបង្កើតថ្មី ។
ការប្រកាសនេះ បានធ្វើឡើងបន្ទាប់ពីការរៀបចំកម្មវិធីនេះ ធ្វើមកជាច្រើនខែមកហើយដោយមួយវគ្គទៅមួយវគ្គតែងធ្វើកម្មវិធីឡើងធ្វើបទបង្ហាញដើម្បីរើសយកនឹងឈានទៅដណ្តើមពានរង្វាន់ប្រចាំឆ្នាំនេះ ។ ទម្រាំតែឈានមកដល់វគ្គផ្តាច់ព្រ័ត្រនេះ មានបេក្ខជនសហគ្រិនប្រមាណជា៤០នាក់ បានដាក់ពាក្យចូលរួមប្រកួតនៅក្នុងកម្មវិធីនេះ ។ យ៉ាងណាមិញមានតែបេក្ខជន២៥នាក់ប៉ុណ្ណោះត្រូវជម្រុះយ៉ាងស្វិតស្វាញពីខាងបណ្តាគណៈកម្មការទាំងអស់របស់កម្មវិធីពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជាឆ្នាំ២០១៨ ។ ជាក់ស្តែងសហគ្រិនទាំង១៦រូបត្រូវជ្រើសចូលដល់ពាក់កណ្តាលផ្តាច់ព្រ័ត្រ ដែលបានជ្រើសរើសនេះនឹងត្រូវធ្វើបទបង្ហាញនៅចំពោះមុខគណៈកម្មការទាំងអស់នៅជុំវិញគម្រោងអាជីវកម្មប្រព័ន្ធគ្រប់គ្រងអាជីវកម្មសមិទ្ធផលនានាព្រមទាំងការចូលរួមរបស់អាជីវកម្មរបស់ពួកគេនៅក្នុងការដោះស្រាយបញ្ហានៅក្នងសង្គមផងដែររហូតស្វែងរកឃើញសហគ្រិនវ័យក្មេងឆ្នើមទាំង៥រូបខាងលើនេះ ។
បេក្ខជនសហគ្រិន ដែលបានចូលរួមក្នុងកម្មវិធីពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជាឆ្នាំ២០១៨សហគ្រិននឹងត្រូវជួបជាមួយនឹងគណៈកម្មាការនៅក្នុងបន្ទប់នីមួយៗទៅតាមមុខជំនាញ និងផ្នែកផ្សេងៗ ដែលក្រុមការងារបានរៀបចំដើម្បីធ្វើការវាយតម្លៃស៊ីជម្រៅ និងដាក់ពិន្ទុរទៅលើអាជីវកម្មរបស់បេក្ខជន ដែលជាសហគ្រិនទាំងអស់ៗអោយកាន់តែមានភាពត្រឹមត្រូវសុក្រឹត្យ និងយុត្តិធម៌៕ វឌ្ឍនា