ភ្នំពេញ ៖ សាកសពបុរសម្នាក់ ក្រោយពីផឹកស្រាស្រវឹងស្រើងៗចុះទៅលេងទឹកក្នុងរណ្ដៅដីឡូស្ថិតនៅក្នុងភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ បណ្ដាលឲ្យលិចខ្លួនបាត់ក្នុងទឹក កាលពីវេលាម៉ោង៦ និង១០នាទីល្ងាចថ្ងៃអាទិត្យ ៤រោច ខែបឋមសាឍ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី០១ ខែកក្កដាឆ្នាំ២០១៨នោះ ហើយនៅវេលា៧ព្រឹក ថ្ងៃទី០២ ខែ ឆ្នាំដដែល បានអណ្ដែតឡើងមកវិញហើយ ។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ជនរង គ្រោះដែលបាត់ខ្លួនចូលក្នុងទឹករណ្ដៅដីឡូខាងលើ មានឈ្មោះ បូក ធីដេត ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ (ជាងកាមេរ៉ា) រស់នៅភូមិបឹងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ នេះបើតាមការឲ្យដឹងពីមិត្តភក្តិរបស់ជនរងគ្រោះ ឈ្មោះ ប៊ុត ហួត ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិសន្សំកុសល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ បានប្រាប់ឲ្យដឹងថា រូបគាត់និងជនរងគ្រោះ រួមហ្នឹងមិត្តភក្តិជាង១៣នាក់ទៀត បាននាំគ្នាមកអង្គុយលេង និងផឹកស៉ីនៅចំណុចកើតហេតុខាងលើតាំងពីម៉ោង១០:៣០នាទីព្រឹក ដោយអង្គុយហូបចុករហូតដល់ម៉ោង៥ និង១០នាទីរសៀល ជនរងគ្រោះបានបបួលរូបគាត់ចុះងូតទឹកលេង ដោយជនរគ្រោះបានលោតទៅមុន ក្រោយមកទៀតរូបគាត់ក៏លោតតាមក្រោយហើយក៏បានហែលមកច្រាំងវិញ ចំណែង ធី ដេត ជាជនរងគ្រោះបានហែលទៅកណ្តាលរណ្តៅក៏លិចបាត់ ។ ពេលឃើញដូច្នេះ ឈ្មោះ ប៊ុត ហ៊ួត ក៏លោតទៅម្តងទៀតដើម្បីជួយគាត់តែរកមិនឃើញ ក្រោយមកទៀតពួកគេដែលនៅខាងលើ ក៏រាយការណ៍ជូនទៅសមត្ថកិច្ចឲ្យមកជួយអន្តរាគមន៍ ។
ក្រោយពីទទួលបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើតហេតុ និងបានទាក់ទងទៅកាន់ក្រុមគ្រួសារនិងដេកចាំអស់ពេលមួយយប់ទើបសពបានអណ្ដែត ។
ពេលនោះសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុសមត្ថកិច្ចបានទាក់ទងជំនាញកោសល្យវិច័យចុះមកធ្វើការពិនិត្យទៅសពសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា សពជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដ់មែន ។ ក្រោយពេលសមត្ថកិច្ចធ្វើកោសល្យវិច័យរួចក៏បានប្រគល់សាកសពជនរងគ្រោះឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ភារ៉ា ដង្កោ