ភ្នំពេញ៖ កម្លាំងនគរបាលនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បន្តចុះត្រួតពិនិត្យជនបរទេស ដែលចូលមកស្នាក់នៅនិងប្រកបរបរដោយខុសច្បាប់ ជាក់ស្តែងសមត្ថកិច្ចរកឃើញ ជនជាតិវៀតណាម៩នាក់ គ្មានលិខិតឆ្លងដែន និងប្រើប្រាស់ឯកសារមិនត្រឹមត្រូវ ។
ក្នុងការចុះបង្ក្រាបនេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃអង្គារ ៦រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង០៨ និង ១៥ នាទីស្ថិតនៅកន្លែងដាំផ្កា ទិញ-លក់អេតចាយ និងសិប្បកម្មឈើក្នុង សង្កាត់ទួលសង្កែ១-២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ក្រុមប្រតិបត្តិការចម្រុះនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលដឹកនាំដោយលោក សៀង សុខ ព្រះរាអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងមានការចូលរួមពីលោក លឹម ស៊ាងហៃ ក្រឡាបញ្ជី បានសហកាជាមួយ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
សមត្ថកិច្ចបញ្ជាក់ថា ទីតាំងចុះត្រួតពិនិិត្យនោះមាន កន្លែងដាំផ្កា ទិញ-លក់អេតចាយ និងសិប្បកម្មឈើ សង្កាត់ទួលសង្កែ១-២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ៖ -បានពិនិត្យឃើញមាន ជនបរទេសចំនួន ០៩នាក់ ស្រី ០១នាក់ ជាជនជាតិវៀតណាម បានលួចស្នាក់នៅនិងប្រកបរបរដោយខុសច្បាប់ គ្មានលិខិតឆ្លងដែន និងប្រើប្រាស់ឯកសារមិនត្រឹមត្រូវ។
បច្ចុប្បន្នជនជាតិវៀតណាមទាំង៩នាក់ខាងលើ ត្រូវបានបញ្ជូន ទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រួតពិនិត្យឯកសារ និងសាកសួរតាមនីតិវិធី ៕ស តារា