ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងស្រាជោកបានជិះម៉ូតូតាមផ្លូវមិនប្រយត្ន័បណ្ដាលឲ្យរេចង្កូតដួលបោកក្បាលស្លាប់

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសម្នាក់ ខណៈស្រវឹងស្រាជោកបានជិះម៉ូតូតាមផ្លូវមិនប្រយត្ន័បណ្ដាលឲ្យរេចង្កូតដួលបោកក្បាលហូរឈាម បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ និងអ្នកធ្វើដំណើរចោមរោមមើល និងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានមកអន្តរាគមន៍ដឹកមកកាន់មន្ទីរពេទ្យ ប៉ុន្តែអកុសលរងរបួសធ្ងន់ពេកក៏ដាច់ខ្យល់តែម្ដង ។

ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃចន្ទ ៥រោច ខែបឋមាសាធ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង ៦ និង៣០នាទីល្ងាច ស្ថិតនៅចំណុចផ្លូវ 314D ស្ថិតនៅភូមិទួលត្របែក ឃំុប្រសូតិ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។

យោងតាមសមត្ថកិច្ចនគរបាល ស្រុកបានឲ្យដឹងថាបុរស ដែលស្លាប់មានឈ្មោះ ពុត ហ៊ុល អាយុ៦៥ ឆ្នាំ មុខរបរ កសិករ រស់នៅភូមិត្រពាំងអំពិល ឃំុសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀងដោយ ជិះម៉ូតូម៉ាក់ ហុងដាឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ​ ស្វាយរៀង1I 9967 ខូចខាតយ៉ាងដំណំ ។

តាមសាក្សីបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាក់ ហុងដា ឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ​ ស្វាយរៀង 1I 9967តែម្នាក់ឯង ដោយទំនងស្រវឹងស្រា ពីជើងមកត្បូង ខណៈជិះរេពេញផ្លូវក្នុងល្បឿនលឿន បន្ទាប់មកស្រាប់តែដួលបោកក្បាល នឹងថ្នល់តែម្នាក់ឯង បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិតែម្ដង និងជួយដឹកមកកាន់មន្ទីរពេទ្យ ប៉ុន្តែអកុសលដោយរបួសធ្ងន់ពេកក៏ដាច់ខ្យល់ស្លាប់។

ចំពោះសពក្រោយមកត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យសាច់ញាតិក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណី ៕ យឹម សុថាន


ចែករំលែក៖