ភ្នំពេញ ៖ បន្ទាប់ពីទទួលបានដំណឹងអំពីការប្រមូលត្រឡប់មកវិញពីទីផ្សារ សហរដ្ឋអាមេរិកដោយស្ម័គ្រចិត្តនូវផលិតផល Kellogg’s HoneySmack cereal ដោយក្រុមហ៊ុនខេឡូក ខមផេនី (Kellogg Company) របស់សហរដ្ឋអាមេរិកអគ្គ នាយកដ្ឋានកាំកុងត្រូលនៃក្រសួងពាណិជ្ជកម្មបានអំពាវនាវដល់សាធារណជនសូមកុំទិញនិងទទួលទានផលិតផលនេះក្រោយក្រុមហ៊ុនរកឃើញថា មានសារធាតុពុល និងមេរោគឆ្លង ។
នៅក្នុងសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានត្រួតពិនិត្យទំនិញនីហរ័ណ អាហរ័ណ និងបង្ក្រាបការក្លែងបន្លំ (កាំកុង ត្រូល) ឲ្យដឹងកាលពីរសៀលថ្ងៃអង្គារ ៧ រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៨ បានជម្រាបជូនដល់សាធារណជន ពាណិជ្ជករនាំចូលអាជីវករលក់ដុំលក់រាយជ្រាបថា រដ្ឋបាលឱសថ និងម្ហូបអាហារសហរដ្ឋ អាមេរិកបានជូនដំណឹងអំពីការប្រមូល ត្រឡប់មកវិញពីទីផ្សារសហរដ្ឋអាមេរិកដោយស្ម័គ្រចិត្តនូវផលិតផលខេឡូក ហាន់នី ម្មេ៉កហ្សឺរៀលបន្ទាប់ពីរដ្ឋបាលឱសថនិងម្ហូបអាហាររួមជាមួយមជ្ឈមណ្ឌលត្រួតពិនិត្យ និងការពារជំងឺឆ្លងសហរដ្ឋអាមេរិកបានស្រាវជ្រាវរកឃើញប្រភពនៃការពុលម្ហូប អាហារបណ្តាលមកពីការទទួលទានផលិតផលខាងលើដែលចែកចាយដោយក្រុម ហ៊ុនអាមេរិកមានសក្តានុពលចម្លងចូលបាក់តេរីសាម៉ុនណេឡា (Salmonella)។
ការទទួលទានអាហារដែលចម្លងចូលបាក់តេរីនេះបណ្តាលឲ្យមានជំងឺប្រព័ន្ធ រំលាយអាហារ គ្រុនពោះវៀន។ល។ ស្ត្រី មានផ្ទៃពោះ ទារក កុមារតូច និងមនុស្ស ចាស់គឺជាជនរងគ្រោះ ។
សេចក្តីជូនដំណឹងដដែលបានបន្តថា ជុំវិញបញ្ហានេះអគ្គនាយកដ្ឋានកាំកុងត្រូលបាននិងកំពុងចាត់វិធានការរួមមាន រាំងខ្ទប់មិនឲ្យនាំចូលផលិតផលដូចបានអធិប្បាយ, ផ្តល់ព័ត៌មានដល់ក្រុមហ៊ុននាំចូលដល់ អាជីវករលក់ដុំ និងរាយក្នុងករណីមាននាំ ចូលនិងចរាចរលើទីផ្សារ និងត្រួតពិនិត្យ នៅតាមទីផ្សារធំ តូច ផ្សារទំនើបដើម្បី សម្របសម្រួល និងមានវិធានការតាមនីតិ វិធីប្រសិនបើមានការដាក់តាំងលក់ ។
ដើម្បីទប់ស្កាត់គ្រោះថ្នាក់ដែលអាចប៉ះពាល់ដល់សុខភាពជាយថាហេតុអគ្គនាយកដ្ឋានកាំកុងត្រូលបានអំពាវនាវដល់សាធារណជនសូមកុំទិញផលិតផលដូចជម្រាបជូនខាងលើ និងសូមជួយសហការផ្តល់ព័ត៌មានដល់មន្ត្រីមានសមត្ថកិច្ចក្នុងករណីបងប្អូនប្រជាពលរដ្ឋបានជួបប្រទះ ៕ ហេង សូរិយា