ព័ត៌មានទាន់ហេតុការណ៍៖

សពបុរសដែលបីកូនលោតទឹកសម្លាប់ខ្លួននៅលើស្ពានជ្រោយចង្វាបានអណ្តែតឡើងហើយ

ចែករំលែក៖

ភ្នំពេញ៖ សពបុរសដែលបីកូនលោតទឹកសម្លាប់ខ្លួននៅលើស្ពានជ្រោយចង្វាកាលពីម៉ោង៦ព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨ ត្រូវបានអណ្តែតឡើងហើយ ឥឡូវបានស្រង់មកលើគោកហើយនៅជាងម៉ោង៦យប់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចគល់ស្ពានជ្រោយចង្វាត្រើយខាងកើតក្នុងសង្កាត់-ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

សពមានឈ្មោះ លី ទៀង ជនជាតិខ្មែរ អាយុ៣០ឆ្នាំ មុខរបរលក់ទឹកអំពៅ នៅផ្ទះជួលម្តុំផ្សារ សំហាន សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ មានស្រុកកំណើត នៅភូមិកំពង់ចម្លង ឃុំកំពង់ចម្លង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។ មានកូនឈ្មោះ ហង្ស លីហ្សា ភេទស្រី អាយុ ៧ឆ្នាំ មុខរបរ សិស្ស ស្នាក់នៅជាមួយឪពុក ។ ចំណែកស្ត្រីជាម្តាយដែល មានប្តីថ្មីនោះមានមុខរបរជាកម្មការីនីរោងចក្រ រស់នៅម្តុំផ្សារសិនជូរី សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមសម្តីម្តាយរបស់ជនរងគ្រោះបានប្រាប់ឲ្យដឹងថានៅយប់ថ្ងៃទី៣ ខែ កក្កដា ឆ្នាំ២០១៨ រូបគាត់បាននិយាយទៅកូនថា បើកលក់ទឹកអំពៅ មិនដាច់កូនឈប់លក់ទៅនៅផ្ទះដាំបាយឲ្យកូនហូបនិងនាំកូនទៅរៀនទៅបានហើយ ។ ក្នុងមួយយប់ទល់ភ្លឺកូនរបស់គាត់ បានបើកភ្លើងចោលរហូតរូបគាត់មិនចាប់អារម្មណ៍នោះទេ ។ ទើបដល់ម៉ោង៥និង៣០នាទីព្រឹក រូបគាត់បានងើបពីដេកហើយក៏ហៅកូនឲ្យបិទទ្វារទៅផ្សារ កូនរបស់គាត់បានឆ្លើយថាចាំបន្តិចទៅនោះមួយភ្លែតសិន ហើយក៏ដឹកដៃកូនស្រីចេញទៅបាត់ ។

តាមសម្តីក្មេងស្រីបាននិយាយថា បុរសជាឪពុកបាននិយាយកុហក ថានាំមកហាត់ប្រាណតែបែរជានាំមកលោតទឹកពីលើស្ពានទៅវិញ ។ មកដល់លើស្ពានជ្រោយចង្វាក៏បីកូនលោតចុះទៅក្នុងទឹក ពេលនោះក៏មានទូកនេសាទជនជាតិឥស្លាមបានមកស្រង់ក្មេងស្រីឲ្យរួចផុតជីវិត តែឪពុកបានលិចទៅក្នុងទន្លេបាត់ ទើបមកដល់ម៉ោងជាង៦យប់ ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨ ទើបប្រទះឃើញសាកសព បុរសដែលបីកូនលោតទឹកនោះអណ្តែតឡើង ។

បច្ចុប្បន្នសាកសព ត្រូវបានម្តាយមកយកដឹកទៅធ្វើបុណ្យនៅឯស្រុកកំណើត តាមប្រពៃណី៕ ជ្រោយពេជ្រ


ចែករំលែក៖