ខេត្តតាកែវ: ចោរដៃឆៅបានលួចគាស់ជញ្ជាំងផ្ទះលោកជំទប់លេខ២ម្នាក់ចូលលួចទ្រព្យក្នុងផ្ទះ គ្មានសល់ គ្រាដែលម្ចាស់ផ្ទះចាក់សោចោលហើយចេញទៅធ្វើការនៅខាងក្រៅបាត់ ។
ហេតុការណ៍នេះកើតឡើងកាលពី ថ្ងៃ សុក្រ ៩ រោច ខែ បឋមាសាឍ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងទី៦ ខែកក្កដា ឆ្នាំ២០១៨ ចន្លោះម៉ោង១រសៀលដល់ម៉ោង ៦ល្ងាច នៅភូមិត្រពាំងគូរ ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ។
នគរបាលប៉ុស្តិ៍ឃុំលាយបូរ បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ អ៊ួន ទ្រា ភេទប្រុសអាយុ៤៥ឆ្នាំ មុខរបរជំទប់ទី២សង្កាត់រកាក្នុង និងប្រពន្ធឈ្មោះ ប៊ិត សារឿន អាយុ៣៦ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិត្រពាំងគូរ ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ។
ចំពោះទ្រព្យសម្បត្តិ ដែលបាត់បង់ដែលចោរលួចយកទៅបាត់នោះរួមមាន ខ្សែកមាស ២ខ្សែ ទម្ងន់ ៦ជី ផ្លាកដៃមាស ១ខ្សែ ទម្ងន់ ៣ជី លុយខ្មែរ ចំនួន ៧០០ ០០០រៀល និងលុយដុល្លារ ចំនួន ១០០$ ផងដែរ ។
ប្រភពដដែលបានឲ្យដឹងទៀតថា បន្ទាប់ពីសមត្ថកិច្ចជំនាញចុះទៅធ្វើកោសល្យវិច័យដល់ផ្ទះ ជនរងគ្រោះ ឃើញមានស្នាមគាស់ជញ្ជាំងស័ង្កសីដោយក្រុមចោរ ហើយកំពុងដាក់ការសង្ស័យ ជនដៃដល់មិនមែនជាមនុស្សមកពីក្រៅភូមិនោះឡើយ គឺជាអ្នករស់នៅជិតខាង ភូមិផង របង ជាមួយតែម្តង ហើយករណីនេះសមត្ថកិច្ចកំពុងស្រាវជ្រាវនៅឡើយ ៕ សហការី