ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តបែនដឹកដីបុកម៉ូតូស្លាប់បុរសម្នាក់ហើយបើករត់គេចបាត់ស្រមោល

ចែករំលែក៖

ភ្នំពេញ៖ ឡានបែនដឹកដី១គ្រឿងបានបើករត់គេចខ្លួនបាត់ស្រមោល គេចវេះពីការទទួលខុសត្រូវ បន្ទាប់ពីបានបង្កគ្រោះថ្នាក់ចរាចរណ៍បុកម៉ូតូមួយគ្រឿងក្នុងទិសដៅបញ្ច្រាសទិសគ្នាពេញទំហឹងបណ្តាលឲ្យស្លាប់បុរសម្នាក់ ។

ហេតុការណ៍គ្រោះថ្នាក់នេះកើតឡើងកាលពីវេលាម៉ោង៧និង៥០នាទីយប់ ថ្ងៃសៅរ៍ ១០​រោជ ខែ​បឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស. ​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០១៨ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៣ ភូមិព្រៃកី “ខ” សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សាក្សីឃើញហេតុការណ៍និយាយថា​ រថយន្តបង្ក បើកពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុ បត់ឆ្លងផ្លូវ ជ្រុលទៅបុកចំពីមុខម៉ូតូជនរងគ្រោះ ដែលបើកពីត្បូងទៅជើងវិញ បណ្តាលឲ្យបោកក្បាលធ្លាយខួរស្លាប់ភ្លាមៗនៅកន្លែង។ ម៉ូតូខ្ទេចមួយកំណាត់មុខ ចំណែករថយន្តបែនកង់៦ ក្រោយបង្កហេតុភ្លាម បានបន្ថែមល្បឿនបើកគេចទៅបាត់ កាត់តាមផ្លូវបេតុងចូលក្នុងភូមិ ដោយបន្សល់ទុកតែសាកសពជនរងគ្រោះនៅកន្លែងកើតហេតុ។

សមត្ថកិច្ចជំនាញដែលចុះពិនិត្យកន្លែងកើតហេតុប្រា់ថា ជនរងគ្រោះមានឈ្មោះ ខាយ កំសេន ភេទប្រុស អាយុ២៧ឆ្នាំ មានស្រុកកំណើតភូមិសាឡូងទី១ ឃុំអង្គេទ្រេត ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ធុនសេ១២៥ ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CN-0970។ ជនរងគ្រោះ មានមុខរបរជាជាងភ្លើង ស្នាក់នៅផ្ទះជួល សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។

សមត្ថកិច្ចវាស់វែងកន្លែងកើតហេតុ យកម៉ូតូទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលពងទឹក ដើម្បីរង់ចាំក្រុមគ្រួសារយកឯកសារមកយកទៅវិញ ៕


ចែករំលែក៖