ភ្នំពេញ៖ បុរសម្នាក់តូចចិត្តប្រពន្ធរត់ចោលបានធ្វើអត្តឃាតចក់សាំងដុតសម្លាប់ខ្លួនឯង ប៉ុន្តែមិនបានស្លាប់ដូចបំណងឡើយ ដោយបានប្រជាពលរដ្ឋជួយពន្លត់ទាន់បន្ទាប់មកបានហៅរថយន្តសង្គ្រោះអង្គភាព៧១១ដឹកយកទៅកាន់មន្ទីរពេទ្យព្រះកុសុមៈដើម្បីសង្គ្រោះបន្ទាន់ ។
ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៥និង១៥នាទីល្ងាចថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៨ នៅខាងក្រោយសាលាបឋមសិក្សាជម្ពូវ័ន ភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។
ប្រជាពលរដ្ឋបាននិយាយឲ្យដឹងថា បុរសរងគ្រោះរូបនេះត្រូវបានគេស្គាល់ឈ្មោះព្រំ ដាវិន អាយុ អាយុ៣៥ឆ្នាំ ស្នាក់នៅក្នុងភូមិកើតហេតុខាងលើ ។ បុរសនេះមានប្រពន្ធដែរប៉ុន្តែកន្លងមកដោយសារតែអត់ទ្រាំងនិងរូបគាត់ប្រើប្រាស់គ្រឿងញៀននិងរករឿងខ្លាំងពេកទើបប្រពន្ធរស់នៅជាមួយមិនបានក៏បានរត់ចោលបាត់ ដែលជាហេតុធ្វើឲ្យរូបគេខូចចិត្តយ៉ាងខ្លាំង ។ ដោយឡែកនៅមុនពេលកើតហេតុគាត់បានយកដបសាំងមកចាក់ស្រោចខ្លួនបន្ទាប់មកបានយកដែកកេះដុតខ្លួន បណ្ដាលឲ្យឆាបឆេះយ៉ាងសន្ធោរសន្ធៅ ហើយគាត់បានប្រកាច់វក់វីមើលទៅគួរឲ្យសង្វេគបំផុត ។ ខណៈនោះពួកគាត់ដែលជាអ្នកជិតខាងបាននាំគ្នាជួយពន្លត់រហូតភ្លើងរលត់ទៅវិញ ប៉ុន្តែខ្លួនប្រាណបុរសនោះត្រូវភ្លើងឆេះខ្លោចរលួយរលេះរងរបួសធ្ងន់ធ្ងរទៅហើយ ។
ប្រភពដដែលបានបន្តទៀតថា បន្ទាប់មកពួកគាត់បានរាយការណ៍ជូននគរបាលប៉ុស្ដិ៍ចោមចៅ៣ ឲ្យចុះទៅពិនិត្យមើលជាក់ស្ដែងរួចបានហៅរថយន្តសង្គ្រោះអង្គភាព៧១១ ទៅដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យព្រះកុសុមៈ ៕ សុខាសែនជ័យ