ភ្នំពេញ: ផ្ទះឈើលើថ្មក្រោមមួយខ្នង ត្រូវបានអគ្គិភ័យលេបត្របាក់យកអស់ទាំងស្រុង បង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃអាទិត្យ ១១រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៨ ត្រង់ចំណុចផ្ទះអត់លេខ ផ្លូវបេតុង ភូមិក្រាំងអង្ក្រងទី១សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ម្ចាស់ឈ្មោះ ស៊ុន សុខខន ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរសន្តិសុខ ។ ផ្ទះកើតហេតុមានទំហំប្រមាណ៤ម៉ែត្រគុណនឹង១០ម៉ែត្រ ជាប្រភេទឈើលើថ្មក្រោមគឺរងការខូចខាតឆេះអស់ទាំងស្រុង។ សមត្ថកិច្ចសណ្ឋានថាករណីអគ្គីភ័យឆាបឆេះផ្ទះខាងលើគឺបង្កឡើងដោយឆ្លងចរន្តអគ្គិសនី ។
សាក្សីឲ្យដឹងថា នៅមុខពេលកើតហេតុដោយផ្ទះកើតហេតុខាងលើបានចាក់សោចោល ព្រោះម្ចាស់ផ្ទះបានចេញទៅធ្វើការមិនទាន់ត្រឡប់មកវិញនោះទេ ហើយគេក៏ធំក្លិនឈ្ងៀមនិងមានផ្សែងហុយយ៉ាងខ្មួរខ្មាញ់ចេញមកពីផ្ទះកើតហេតុខាងលើ បន្ទាប់មកក៏ស្រាប់តែឃើញមានអណ្ដាតភ្លើងបានលេចមកឆាបឆេះផ្ទះកើតហេតុខាងលើយ៉ាងសន្ធោសន្ធៅ។ ភ្លាមៗនោះប្រជាពលរដ្ឋក៏បានស្រែកឆោឡោបង្កឲ្យមានការភ្ញាក់ផ្អើលនាំគ្នាដងទឹកនិងទាញទុយយោបាញ់ពន្លត់ តែមិនអាចគ្រប់គ្រងស្ថានការណ៍ភ្លើងបានដែលឆាបឆេះបាននោះទេ ហើយក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាននិងរថយន្តពន្លត់អគ្គិភ័យឲ្យចុះមកជួយអន្តរាគមន៍ បន្ទាប់មកក៏ឃើញរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីចំនួន៣គ្រឿងចុះមកដល់ តែជាអកុសលពេលដែលរថយន្តពន្លត់អគ្គិភ័យចុះមកដល់ផ្ទះកើតហេតុខាងលើត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុងបាត់ទៅហើយ។ ចំណែកឯរថយន្តពន្លត់អគ្គិភ័យបានត្រឹមតែបាញ់ពន្លត់រងើកភ្លើងដែលសេសសល់តែប៉ុណ្ណោះ ៕