ភ្នំពេញ៖ លោកស្រីដាំ ដារីនី រដ្ឋលេខាធិការ ក្រសួងការពារ ជាតិនិងជាប្រធានក្រុមការងារយែនឌ័រ លើកឡើងថា ក្នុងបរិបទបច្ចុប្បន្នរាជរដ្ឋាភិបាលកំណត់គោលនយោបាយ ដឹកនាំ និងគិតគូរ ពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ទូទាំងប្រទេស ។
ក្នងនោះកងកម្លាំងប្រដាប់អាវុធ និយាយរួមនិងដោយឡែកកងយោធពលខេមរភូមិន្ទ(ខ.ភ.ម) ត្រូវបានយកចិត្តទុកដាក់ ។
ជាក់ស្តែងក្នុងឆ្នាំ ២០១៨ រាជរដ្ឋាភិបាល លើកកម្ពស់កម្រិត ជីវភាពរស់នៅ របស់យោធិន ក្នុង (ខ.ភ.ម) ទទួលបា្រក់បៀវត្សចាប់ពី ១ លានរៀលឡើងទៅធ្វើឲ្យជីវភាព រស់នៅរបស់ពួកគាត់កាន់តែប្រសើរឡើង ។
នេះជាការលើកឡើងរបស់ លោកស្រី ដាំ ដារីនី ក្នុងពិធីផ្សព្វ ផ្សាយអនុសាសន៍ ១១ ចំណុចរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ព្រះរាជាណាចក្រកម្ពុជា ជូនកងទ័ពជេីងទឹក នាថ្ងៃចន្ទ ១២រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងទ័ពជេីងទឹក (ជ្រោយចង្វា) ។
បន្ទាប់ពីលោកស្រី ឧត្តមនាវីត្រី ផូ ផាន់សូដានី ស្នងការរង ស្នងការដ្ឋាន ភស្តុភារនិងជាប្រធានក្រុមយេនឌ័រ កងទ័ពជេីងទឹក អានរបាយការណ៍ សង្ខេបស្តីពីវឌ្ឍនភាព នៃការអនុវត្តការ ងារ របស់ក្រុមការងារ ក្រុមយេនឌ័រ កងទ័ពជេីងទឹករួចមក លោកស្រី ដាំ ដារីនី បន្តទៀតថា: ដោយបានការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាល ពិសេសសម្តេចតេជោ និងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង ការពារជាតិ ក្នុងការលេីកកម្ពស់សមត្ថភាពយែនឌ័រ ក្រុមការងារ បានរៀបចំ សៀវភៅផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រ ក្រសួងការពារជាតិ ឆ្នាំ ២០១៨ -២០២០ កំណត់មុខ សញ្ញា យុទ្ធសាស្រ្ត យុទ្ធវិធីក្នុងការងារបស់ស្ត្រីបំរេីវិស័យការពារជាតិ ។ ជាលទ្ធផលឃេីញថាស្ត្រី (ខ.ភ.ម)មានការរីកចម្រេីនគួរឱយកត់សម្គាល់ ទាំងការសិក្សាជំនាញ ហ្វឹកហ្វឺន ពង្រឹងសមត្ថភាព បំពេញការងារក្នុង និងប្រទេស ទាំងឋានន្តរសក្តិនិងតួនាទី ។
ទាក់ទងនឹងការបោះឆ្នោត ជ្រេីសតាំងតំណាងរាស្ត្រនិតិកាលទី ៦ លោកស្រី អំពាវនាវដល់នាយនាវី នាយនាវីរង ពលនាវិកអញ្ជើញចូលរួម បោះឆ្នោតនាថ្ងៃទី ២៩ ខែកក្តដា ឲ្យបានគ្រប់ៗ គ្នាបំពេញតួនាទីជាពលរដ្ឋល្អ ថែរក្សា សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ។
ក្នុងឱកាសនោះ គណអធិបតី ប្រគល់សៀវភៅផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រ ក្រសួងការពារជាតិ ឆ្នាំ ២០១៨ -២០២០ និងវត្ថុអនុស្សាវរីយ៍ ដល់ តំណាងឱយនារីកងទ័ពជេីងទឹកផងដែរ ៕ សុខដុម