ខេត្តស្វាយរៀង៖ បុរសជាជនសង្ស័យ៥នាក់ត្រូវបានសមត្ថកិច្ចហៅមកសាកសួរ និងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ក្រុងស្វាយរៀង បន្ទាប់ពីទទួលសេចក្ដីរាយការណ៍ពីប្អូនជនរងគ្រោះថាបានប្រើអំពើរហិង្សាវាយដោយដែកបំពង់ទីប យ៉ាងពេញទំហឹងបណ្ដាលឲ្យរងរបួស២នាក់កាលពីរំលងអធ្រាត្រឈានចូល ថ្ងៃចន្ទ ១២រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៨ ហើយជនសង្ស័យមកសម្ងំដេកក្នុងចំណុចភូមិកៀនសាំង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ។
បើតាមសមត្ថកិច្ចនគរបាលបានបង្ហើបប្រាប់កាសែតនគរវត្តដឹងថា បុរសសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួន៖
១.ឈ្មោះ ហ៊ាន ហ៊ា អាយុ២៥ឆ្នាំ មុខរបរជាអ្នកបើកបររថយន្តកុងតឺន័រ មានទីលំនៅភូមិអណ្ដូងធំ ឃុំគរការ ស្រុកត្រពាំងយឹង ខេត្តតាកែវ ។
២.ឈ្មោះ រ៉ុន វ៉ាន់នី អាយុ៣២ឆ្នាំ មុខរបរជាអ្នកបើកបររថយន្តកុងតឺន័រ មានទីលំនៅភូមិពោធិសិរី ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប ។
៣.ឈ្មោះ អ៊ុំ ភឿន ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរដើរតាមរថយន្តកុងតឺន័រ មានទីលំនៅភូមិអណ្ដូងធំ ឃុំគោកព្រិច ស្រុកគីរីវង្ស ខេត្តតាកែវ ។
៤.ឈ្មោះ ចាន់ ដាឈូ ២០ឆ្នាំ មុខរបរ ដើរតាមរថយន្តកុងតឺន័រមានទីលំនៅភូមិថ្លាយ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។
៥.ឈ្មោះ ហឿន រិទ្ធី អាយុ ២៥ឆ្នាំ មុខរបរដើរតាមរថយន្តកុងតឺន័រ មានទីលំនៅភូមិច្រកខ្លា ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
ប្រភពបន្តថា ចំណែកជនរងគ្រោះមានឈ្មោះ ងួន សាមឌី អាយុ៣២ឆ្នាំ និង ឈ្មោះចាន់ អាយុ៣០ឆ្នាំមុខរបរ ជាអ្នករត់ស៊ីរស់ក្នុងភូមិតាបិប សង្កាត់បាវិត ក្រុងបាវិត កំពុងសម្រាកព្យបាលនៅគ្លីនិកឯកជនមួយកន្លែងនៅ ឃុំប្រសូត្រ ស្រុកស្វាយទាប ។
តាមចម្លើយសារភាពរបស់ជនសង្ស័យទាំង៥នាក់បានឲ្យដឹងថា មូលហេតុដែលគេបានប្រើហិង្សាដោយយកដែកបំពង់ទីប វាយទៅលើជនរងគ្រោះខាងលើ ដោយខឹងជនរងគ្រោះសម្លឹងមើលមុខ និងជេរពេលកំពុងបើកបរតាមដងផ្លូវ ។
បច្ចុប្បន្នជនសង្ស័យ៥នាក់ ខាងលើ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ក្រុងស្វាយរៀង ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕ យឹម សុថាន