ភ្នំពេញ៖ នារីម្នាក់បានរងរបួសបែកក្បាល ខណៈដែលរូបនាងនិងមិត្តភក្តិប្រុសស្រី៥នាក់ បានជិះម៉ូតូចំនួន២គ្រឿងចេញពីរាំលេងនៅក្នុងក្លឹបកម្សាន្តមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ក៏បានប៉ះសម្តីជាមួយក្រុមជនសង្ស័យមួយក្រុមផ្សេងទៀតអង្គុយតុជិតគ្នា លុះចេញពីកម្សាន្តវិញត្រូវជនសង្ស័យមួយក្រុមនោះជិះដេញតាមធាក់ផ្តួលនិងយកមួកសុវត្ថិភាពវាយក្បាលនារីរងគ្រោះត្រូវចំនួន៣មួកបណ្តាលឲ្យរងរបួសបែកក្បាល ប្រុងប្លន់យកម៉ូតូមួយគ្រឿង តែមិនបានសម្រេច ។
ករណីខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង២និង៣០យប់ឈានចូលថ្ងៃចន្ទ ១២រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹង ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅចំណុចក្រោមស្ពានអាកាសផ្សារដីហុយ តាមបណ្តោយផ្លូវភ្នំពេញហាណូយ កែងនិងផ្លូវសហពន្ធរុស្សី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពពីជនរងគ្រោះ បានឲ្យដឹងថា មុនកើតហេតុរូបគេទាំង៥នាក់បានជិះម៉ូតូ២គ្រឿងចូលទៅផឹកសុីនិងរាំលេងកំសាន្តនៅក្នុងក្លឹបលុះបានផឹកសុីបន្តិចក្រោយក៏ប៉ះនិងក្រុមជនសង្ស័យមួយក្រុមមានគ្នា៥នាក់មានប្រុសមានស្រីហើយបានសំឡឹងមើលមុខគ្នាវិញទៅមកលុះមកដល់ម៉ោង២និង៣០រំលងអាធ្រាត្រ ក៏បាននាំគ្នាចេញបំណងជិះម៉ូតូទៅផ្ទះនៅជម្ពូវន័ ខណ្ឌពោធិ៍សែនជ័យ ។ លុះជិះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែលេចមុខជនសង្ស័យទាំង៥នាក់ជិះម៉ូតូ២គ្រឿង១គ្រឿងម៉ាកឌូកនិង១គ្រឿងម៉ាកហុងដាប៊ីតដោយមិនចាំស្លាកលេខបានជិះមកពីក្រោយហើយសង្ស័យដែលជិះម៉ូតូឌូកបានធ្វើសកម្មភាពធាក់ផ្តួលទៅលើម៉ូតូជនរងគ្រោះដួល ហើយបានយកមួកសុវត្ថភាពវាយទៅលើនារីម្នាក់ ដែលជាអ្នកបើកម៉ូតូត្រូវ៣មួកបណ្តាលអោយបែកក្បាលធ្វើជនរងគ្រោះមានការភ័យស្លន់ស្លោខណះនោះជនសង្ស័យម្នាក់បានប្រាប់ទៅបក្សពួករបស់ខ្លួនថា(រ៉ែងម៉ិចមិនលើកម៉ូតូនោះយកមក)តែសំណាងមិនល្អដោយសារប្រជាពលរដ្ឋរួមដំណើរមកពីក្រោយឃើញហេតុការណ៍នេះបានស្រែកធ្វើឲ្យជនសង្ស័យគ្មានឪកាសបាននាំគ្នាជិះម៉ូតូគេចខ្លួនបាត់ស្រមោលតែម្តង ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់និងបានសួរនាំរឿងករណីវាយប្លន់ម៉ូតូនិងបាននាំជនរងគ្រោះមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទឹកថ្លាដើម្បីងាយស្រួលស្វែងរកមុខសញ្ញាជនសង្ស័យមកផ្តន្ទាទោសទៅតាមច្បាប់ ៕ស តារា