ព័ត៌មានទាន់ហេតុការណ៍៖

នៅសង្កាត់ជើងឯក ការបាញ់បោះ​បានដោយសេរី

ចែករំលែក៖

ភ្នំពេញ៖ ការផ្ទុះអាវុធ​នៅក្នុងភូមិសាស្ត្រសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ​ បានកើតមានជាហូរហែដោយសេរី ។ ការផ្ទុះអាវុធបែបគំរាមកំហែងបានបង្កឲ្យប្រជាពលរដ្ឋអ្នកភូមិព្រួយបារម្ភអំពីបញ្ហាសុវត្ថិភាព ។ បើទោះបីជាយ៉ាងណា ការផ្ទុះអាវុធទាំងកណ្តាលថ្ងៃ មិនត្រូវបានអាជ្ញាធរចាត់វិធានការ​ដើម្បីរម្ងាប់ការព្រួយបារម្ភរបស់ប្រជាពលរដ្ឋនោះទេ ។ ជាក់ស្តែងនៅក្នុងពាក្យបណ្តឹងរបស់លោក ស៊ឹង គា អាយុ៤៦ឆ្នាំ មានទីលំនៅផ្ទះលេខ១១BE0 ផ្លូវលេខ៣៦៩ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ រកអន្តរាគមន៍ពីកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៨ បានឲ្យដឹងថា បុរសម្នាក់ឈ្មោះ រូម បានបាញ់កាំភ្លើងគំរាមកំហែងអាយុជីវិតរបស់លោក កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង៣រសៀល នៅចំណុចភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

នៅក្នុងពាក្យបណ្តឹង លោកស៊ឹង គា បានឲ្យដឹងថា កាលពីវេលាម៉ោង​ខាងលើ លោកបានឃើញមនុស្សប្រុសស្រីមួយក្រុមជួបជុំគ្នា ទទួលទានស្រាបៀរនៅមុខផ្ទះឈ្មោះ សុខ សំអុន និងអ្នកស្រី ឥន ផាន្នី ដែលនៅជាប់របងគ្នានឹងផ្ទះប្អូនស្រីលោក ។ លុះ២ម៉ោងក្រោយមក លោកបានរៀបចំចាកចេញពីផ្ទះប្អូនស្រី ដោយ​ថយរថយន្ត​ ស្រាប់តែមានបុរសម្នាក់បានចេញមកសួរលោកថា «បងជាបងប្រុសរបស់ផ្ទះអាងទឹកឬ(ផ្ទះប្អូនស្រីលោក ស៊ឹង ជា ជាងធ្វើអាងទឹក)» ពេលនោះលោក ស៊ឹង គា ឆ្លើយថា «បាទ» ។ បុរសនោះក៏បានបន្តសំណួរទៀតថា «ប្អូនស្រីបងឯង ឈ្លោះជាមួយប្អូនស្រីខ្ញុំ ឈ្មោះ ឥន ផាន្នី» ។ ពេលលោក ស៊ឹង គា ឮហើយ ក៏ឆ្លើយថា «ខ្ញុំអត់ដឹងរឿងទេ សូមបងសួរសាម៉ីខ្លួនគេ ឬអាជ្ញាធរទៅ» ។ បុរសនោះតបថា «អឺចឹង» ។

ពេលនោះលោក ស៊ឹង គា ក៏បានបើករថយន្តចេញប្រហែល៥០០ម៉ែត្រ ស្រាប់តែប្អូនស្រីរបស់លោកទូរស័ព្ទប្រាប់ថា បុរសដែលបានសួរនាំលោក នោះឈ្មោះរូម ត្រូវជាមិត្តភក្តិ និងត្រូវជាបងប្អូនឈ្មោះ ឥន ផាន្នី បានបាញ់កាំភ្លើង នៅពេលដែលលោកចេញផុតបន្តិច ។ ក្រោយពេលទទួលបានដំណឹងនេះ លោក ស៊ឹង គា មានអារម្មណ៍តក់ស្លុត ភិតភ័យយ៉ាងខ្លាំង ។ អ្នកភូមិនៅម្តុំៗនោះក៏ភ័យជ្រួលច្របល់ខ្លាំងណាស់ដែរ ។

បើទោះជាយ៉ាងណាក៏ដោយ មិនឃើញមានអាជ្ញាធរ មានសមត្ថកិច្ចប្រដាប់អាវុធណាចុះទៅមូលដ្ឋាននោះដើម្បីស្រាវជ្រាវសួរនាំ ករណីផ្ទុះអាវុធនោះឡើយ ។ បើតាមអ្នកភូមិជិតខាងអះអាងថា បុរសផ្ទុះអាវុធនោះជាមន្ត្រីយោធា ដែលត្រូវម្ចាស់ផ្ទះអញ្ជើញឲ្យមកផឹកស៊ី​ដើម្បីឲ្យជួយកាងផ្ទះរបស់ខ្លួន និងជាប្រយោជន៍ដើម្បីឲ្យអ្នកជិតខាងខ្លាច ។

គេមិនដឹងថា តើករណីនេះអាជ្ញាធរមានសមត្ថកិច្ច​ចាត់វិធានការយ៉ាងណានោះទេ ។ រឿងនេះមិនលំបាកក្នុងការស្រាវជ្រាវ ក្នុងការស្វែងរកអ្នកផ្ទុះអាវុធនោះឡើយ ។ ការដែលកោះហៅម្ចាស់ផ្ទះឈ្មោះ សុខ សំអុន និងឥន ផាន្នី មកសួរនាំ រកអ្នកបាញ់បោះកាលពីថ្ងៃមុន គឺពិតជាអាចធ្វើទៅបាន ។ គេរំពឹងថា អាជ្ញាធរខណ្ឌដង្កោ នឹង​ចូលរួមចំណែកបន្ថយភាពភ័យខ្លាចរបស់ប្រជាពលរដ្ឋនៅ​ភូមិ-សង្កាត់ជើងឯកបានខ្លះជាមិនខាន ៕ ហេង សូរិយា

 


ចែករំលែក៖