ខេត្តកំពង់ធំ៖ រថយន្តសាំយ៉ុងមួយគ្រឿង សង្ស័យបានកំពុងតែធ្វើសកម្មភាព ដឹកជញ្ជូនបទល្មើសដែលត្រូវបានហាមឃាត់ ត្រូវបានលោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ធំ បញ្ជាឲ្យកងកម្លាំង កងរាជអាវុធហត្ថស្រុកសន្ទុក សហការជាមួយផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម ឃាត់រថយន្តដើម្បីត្រូតពិនិត្យ ទើបប្រទះឃើញមានសត្វព្រៃ ដែលដឹកជញ្ជូនដោយគ្មានច្បាប់អនុញ្ញាត។
សកម្មភាពចុះប្រតិបត្តិការបង្រ្កាបរថយន្តដឹកសត្វព្រៃ បានធ្វើឡើងនៅវេលាម៉ោង ១២និង៣០នាទី ថ្ងៃអង្គារ ១៣រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ បង្រ្កាបបាននៅចំនុច ភូមិកំពង់ថ្ម ឃុំបល្ល័ង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ក្នុងនោះសមត្ថកិច្ច ឃាត់បានរថយន្តម៉ាកសាំយ៉ុង ពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ 2N- 4820 រួមទាំអម្ចាស់រថយន្ត ឈ្មោះ តេង តៃ មានទីលំនៅភូមិអំពិលលើ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។
សមត្ថកិច្ចបានរឹបអូសបាន សត្វព្រៃមានសត្វ សព្រោជព្រៃ ចំនួន៩ ក្បាល ស្មើរនឹង២៣ គ.ក ២ បេ សត្វតុកែ មួយបេ ស្មើរនឹង ៥គ.ក ឈើធ្នង់២ដុំ ស្មើរនឹង ០.១២០០ម.គ វត្ថុតាងទាំងអស់ ត្រូវបានប្រគល់ជូន ផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម ទទួលយកទីរក្សាទុក កន្លែងសុវត្តិភាព ដើម្បីធ្វើពិធីប្រលែងចូលព្រៃ ឲ្យរស់នៅបែប ធម្មជាតិវិញ ។
ក្នុងនោះដែរក៏មានការសំណូមពរពីសំណាក់ប្រជាពលរដ្ឋ សុំឲ្យសមត្ថកិច្ចមេព្រៃ និងកងរាជអាវុធហត្ថ ជួយទប់ស្កាត់រថយន្តដឹកឈើ ដោយខុសច្បាប់ ដែលបានធ្វើសកម្មភាពការដឹកជញ្ជូនបទល្មើសព្រៃឈើ ដោយគ្មានច្បាប់អនុញ្ញាតិ របស់មេឈ្មួញ ឈ្មោះ ចែខេង ដែលជាមេឈ្មួញជើងខ្លាំងអាងខ្នងអ្នកធំនៅពីក្រោយ ដែលមានមេការឈ្មោះ រ័ត្ន ជាមេការក្រុមហ៊ុនជាអ្នករត់ការសមត្ថកិច្ច ដែលបានដឹកឈើប្រណិតឆ្លង ដោយពុំមានការទប់ស្កាត់នោះឡើយ ៕ ប៊ុន រិទ្ធី