ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ស្លាប់ភ្លាមៗដោយសារដួលម៉ូតូដឹកឈើធំមួយកំណាត់សង្កត់លើ

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖បុរសម្នាក់បានបាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ដោយសារជិះម៉ូតូដឹកឈើ អារមួយកំណាត់ធំជិតមួយអោប ហើយដួលឈើសង្កត់លើគ្មានអ្នកណាឃើញទៅជួយទាន់។

ឧប្បត្តិហេតុនេះកើតឡើងកាលពីវេលា ម៉ោងជាង៨យប់ ថ្ងៃ ចន្ទ ១២ រោច ខែ បឋមាសាឍ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹង ថ្ងៃទី៩ កក្កដា ២០១៨ នៅចំណុចអូរត្រកួន ភូមិពូគង់ ឃុំស្រែព្រះ ស្រុកកែវសីមា ។

នគរបាលស្រុកកែវសីមាបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ស្រ៊ីន គោ ភេទ ប្រុសអាយុ៣៨ឆ្នាំ មានស្រុកកំណើតភូមិតាមអឹម ឃុំជាំតាអឹម ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បច្ចុប្បន្នស្នាក់នៅភូមិវាលម្រះ ឃុំក្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ ។

នគរបាលដដែលបានឲ្យដឹងទៀតថា មុនពេលកើតហេតុបុរសរងគ្រោះបានបើកម៉ូតូកញ្ចាស់កែច្នៃមួយគ្រឿងដឹកឈើដ៏ធ្ងន់មួយដុំទំហំជិតមួយអោប ប្រវែង៤ម៉ែត្រនិងមានទម្ងន់មិនតិចជាង៥០០គីឡូក្រាមឡើយ។ លុះពេលបើកចុះទួលស្រាប់តែដាច់លេខនិងជាន់ហ្រ្វាំងមិនស៊ីបណ្តាលឲ្យដួលម៉ូតូហើយត្រូវឈើដ៏ធំមួយកំណាត់នេះសង្កត់ស្លាប់នៅហ្នឹងកន្លែងតែម្តង ដោយគ្មានអ្នកណាជួយទាន់។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានទៅដល់ជួយលើកឈើ និងម៉ូតូចេញពីកន្លែងកើតហេតុ និងលើកសពជនរងគ្រោះទៅតម្កល់តាមសម្រួល ទើបស្រាវជ្រាវរកក្រុមគ្រួសារសព មកទទួល យកសពទៅធ្វើបុណ្យតាមប្រពៃណី ៕ សហការី


ចែករំលែក៖