ភ្នំពេញ: បុរសម្នាក់ត្រូវនគរបាលចាប់ខ្លួនពាក់ព័ន្ធករណីហិង្សាដោយចេតនា កាលវេលាម៉ោង៥ និង០៥នាទីល្ងាច ថ្ងៃចន្ទ ១២រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចក្រោមផ្ទះលេខ៩២ ផ្លូវ១៩៧៨ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
នគរបាលប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ចាន់ ហូរ ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខែ្មរ មុខរបររត់ម៉ូតូឌុប ស្នាក់នៅផ្ទះលេខ៩២ ផ្លូវ១៩៧៨ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ត្រូវជាប្អូនថ្លៃរបស់ស្ត្រីរងគ្រោះ ។ គេមិនថាមូលហេតុអ្វីធ្វើឲ្យជនសង្ស័យឈានដល់បង្កហិង្សាទៅលើជនរងគ្រោះបណ្តាលឲ្យរងរបួសប៉ោងមុខនោះទេ ។
មុនកើតហេតុ កម្លាំងល្បាតប៉ុស្តិ៍ភ្នំពេញថ្មី ល្បាតក្នុងភូមិសាស្ត្រខាងលើ បានទទួលព័ត៌មានថា នៅចំណុចកើតហេតុខាងលើ មានករណីបង្កហិង្សា បន្ទាប់មកសមត្ថកិច្ចបានចុះដល់ចំណុចកើតហេតុដើម្បី នាំខ្លួនជនសង្ស័យរូបនោះមកសាកសួរ នៅប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មីតែម្តង ។ រួចមកជនរងគ្រោះបានដាក់ពាក្យបណ្តឹងចោទប្រកាន់ជនសង្ស័យតែម្តង ៕