ព័ត៌មានទាន់ហេតុការណ៍៖

ចាប់បានចោរឆក់២នាក់ដែលធ្វើសកម្មភាពបានសម្រេច តែរត់មិនរួច

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យជាចោរឆក់២នាក់​ត្រូវកម្លាំសមត្ថកិច្ចតាមប្រមាញ់ចាប់ខ្លួនបានភ្លាមៗ បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ទនារីម្នាក់បានសម្រេច ប៉ុន្តែរត់មិនរួច ។

ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃអង្គារ ១៣រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង៤ និង៣០នាទីរសៀល ស្ថិតនៅតាមផ្លូវ១០០៣ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួន ឈ្មោះ យឿន សម្បត្តិ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ និងឈ្មោះ ភឿន ប្រចាក់ ភេទប្រុស អាយុ១៨ឆ្នាំសិស្ស ស្នាក់នៅភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ ជនស្ស័យ ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា សេ១២៥ សេរី២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GY-1769 ជាមធ្យោបាយធ្វើសកម្មភាពឆក់ទូរស័ព្ទជនរងគ្រោះ អាយុ២៤ឆ្នាំ មានទីលំនៅភូមិព្រៃជីសាក់ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ មុខរបរ អ្នកគ្រូពេទ្យ ខណៈជិះម៉ូតូ ម៉ាកនិច ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 1FE-3985 ។

ស្ត្រីរងគ្រោះកំពុងជិះម៉ូតូធ្វើដំណើរតមផ្លូវ១០០៣ ពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុ ជនសង្ស័យ២នាក់ជិះម៉ូតូមកដល់ទន្ទឹម ហើយឆក់យកទូរស័ព្ទម៉ាក iPhone 7plus ពីឃ្លប់ម៉ូតូខាងមុខ បានសម្រេចហើយព្យាយាមជិះរត់គេច ភ្លាមៗ តែត្រូវកម្លាំងសមត្ថកិច្ចដេញចាប់បានភ្លាមៗ ។

ជនសង្ស័យទាំង២នាក់កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីចាត់ការតាមច្បាប់៕ តុង សីហា


ចែករំលែក៖