ព័ត៌មានទាន់ហេតុការណ៍៖

មេបាញ់អាប៉ោង២នាក់ ត្រូវនគរបាលខណ្ឌឫស្សីកែវ ឃាត់ខ្លួនរួមទាំងវត្ថុតាងជាក់ស្តែង

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បានចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់មួយកន្លែង ប្រភេទបាញ់អាប៉ោង ជាក់ស្តែងសមត្ថកិច្ចបានឃាត់ខ្លួនបុរស២នាក់រួមនិងវត្ថុតាងចំនួនផងដែរ ។

ករណីចុះបង្ក្រាបខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៥ល្ងាចថ្ងៃអង្គារ ១៣រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹង ថ្ងៃទី១០ ខែកក្កដា ឆ្នាំ ២០១៨ នៅចំណុចផ្លូវរថភ្លើង ក្រុម០៦ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

មន្រ្តីនគរបាលខណ្ឌឫស្សីកែវ បានឲ្យដឹងថា បុរស២នាក់ដែលសមត្ថកិច្ចឃាត់ខ្លួននោះ ទី១ឈ្មោះ ចាន់ តុង ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិចុងខ្សាច់ សង្កាត់ទទួលសង្កែ១ មុខរបរធ្វើសំណង់ (អ្នកលេង) និងទី២ឈ្មោះ សុខ ប្រុស ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិចុងខ្សាច់ សង្កាត់ទទួលសង្កែ១ មុខរបរកម្មករសំណង់ (អ្នកលេង) ។ ដោយឡែកម្ចាស់ទីតាំងដែលជាអ្នកចាត់ចែងបើកលេងនោះ បានរត់គេចខ្លួនបាត់ ។ វត្ថុតាងរួមមាន៖ ១/ចានសំរាប់បាញ់អាប៉ោងចំនួន០១ ,២/ផ្ទិលដែកសំរាប់ក្របចំនួន០១ ,៣/ប្រាក់ខែ្មរចំនួន(ប្រាំមួយម៉ឺនរៀល /៦០.០០០រៀល) ។

ក្រោយសមត្ថកិច្ចឃាត់ខ្លួនបុរស២នាក់ខាងលើនេះ រួចកម្លាំងជំនាញរបស់អធិការដ្ឋានខណ្ឌឫស្សីកែវ នាំមកសាកសួរយកចម្លើយនឹងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តន៍តាមនីតិវិធី ៕ ស តារា


ចែករំលែក៖