ព័ត៌មានទាន់ហេតុការណ៍៖

ឆក់ទូរសព្ទ័ម៉ាកអាយហ្វូនអ៊ិច១គ្រឿង ពីស្ត្រីជនជាតិបរទេសម្នាក់ បានសម្រេចគេចខ្លួនដោយសុវត្ថិភាព

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ បានជិះម៉ូតូមួយគ្រឿង មកធ្វើសកម្មភាពឆក់ទូរស័ព្ទពីស្រ្តីជនជាតិបរទេសម្នាក់ បានសម្រេច ហើយជិះរត់គេចខ្លួនដោយសុវត្ថិភាព ខណៈស្ត្រីរងគ្រោះជាជនជាតិបរទេសមានគ្នា៣នាក់ និងរួមដំណើរជាមួយស្ត្រីខ្មែរម្នាក់ទៀត កំពុងជិះម៉ូតូរ៊ឺម៉កប្រុងទៅញ៉ាំសាច់អាំង ។

ករណីឆក់ទូរស័ព្ទបានសម្រេចខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៩ នឹង៤០នាទីយប់ថ្ងៃអង្គារ ១៣រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹង ថ្ងៃទី១០ ខែកក្កដា ឆ្នាំ ២០១៨ ស្ថិតនៅចំណុចមុខកងរាជអវុធហត្ថលើផ្ទៃប្រទេស តាមបណ្តោយផ្លូវ២៨៩ ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៍មានពី​ស្ត្រីជនជាតិខ្មែរម្នាក់ ក្នុងចំណោមជនរងគ្រោះទាំង៤នាក់នោះ បានឲ្យដឹងថា មុនពេល​កើតហេតុ ពួកគាត់បានហៅម៉ូតូរ៊ឺម៉ក​មួយគ្រឿង ជិះចេញពីម្តុំផ្សារស៊ីខេ បំណងទៅញ៉ាំសាច់អាំងមួយកន្លែង នៅម្តុំផ្សារទួលគោក ដោយធ្វើដំណើរតាមបណ្តោយផ្លូវលេខ២៨៩ ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែលេចមុខជនសង្ស័យម្នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកស៊ុយហ្ស៊ីគីនិច ពណ៌ក្រហម មិនចាំស្លាកលេខ បានជិះមកពីក្រោយ ស្របទិសដៅគ្នា រួចធ្វើសកម្មភាពឆក់ទូរសព្ទ័ដៃ ម៉ាកអាយហ្វូនអ៊ិច១គ្រឿង ពីជនរងគ្រោះជាស្ត្រីជនជាតិបរទេសម្នាក់ ក្នុងចំណោម៤នាក់ ដែលអង្គុយនៅខាងក្រោយចំហៀងខាងស្តាំ កំពុងចុចទូរស័ព្ទលេង បានសម្រេច ហើយជនសង្ស័យជិះម៉ូតូគេចខ្លួន បាត់ស្រមោលតែម្តង ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះទៅដល់កន្លែងកើតហេតុ និងសួរនាំជនរងគ្រោះបានបន្តិច ហើយនាំគ្នាជិះម៉ូតូចេញទៅបាត់មិនបាននាំជនរងគ្រោះដាក់ពាក្យបណ្តឹងនោះទេ ធ្វើឲ្យជនរងគ្រោះឲ្យម្ចាស់ម៉ូតូរ៊ឺម៉កជូនពួកគាត់ត្រឡប់ទៅផ្ទះវិញ ៕ស តារា


ចែករំលែក៖