ខេត្តពោធិ៍សាត់៖ ក្មេងស្រីជំទង់ម្នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ខណៈដែលនាងអង្គុយហូបបាយកកនៅក្រោមដើមឈើនៅមុខផ្ទះ ក៏បណ្ដាលឲ្យអួលត្រផេសត្រផាសរត់ឲ្យគេឯងជួយស្រាប់តែដាច់ខ្យល់ស្លាប់មួយរំពេច ។
ហេតុការណ៍ដ៏កម្រក្មេងអួលបាយកកស្លាប់ខាងលើនេះ បានបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង២ និង១៥នាទី រសៀល ថ្ងៃអង្គារ ១៣រោច ខែបមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ ត្រង់ចំណុចក្រោមដើមផ្កាក្រដាសខាងមុខផ្ទះរបស់ឈ្មោះ ម៉ែន សៀងហាយ ស្ថិតក្នុងភូមិកំរ៉ែង ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
ប្រភពព័ត៌មានពីនគរបាលស្រុកក្រគរបានឲ្យដឹងថា ក្មេងស្រីជំទង់រងគ្រោះឈ្មោះ ឌីន ធីតា អាយុ ១១ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស រស់នៅរស់នៅក្នុងបន្ទុកគ្រួសារឪពុកឈ្មោះ ឌីន អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរនិងម្ដាយឈ្មោះ សុផា អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ.ឃុំកើតហេតុខាងលើ ។
ប្រភពព័ត៌មានខាងលើបន្តថា មុនកើតហេតុក្មេងស្រីជំទង់រងគ្រោះឈ្មោះ ឌីន ធីតា បានអង្គុយហូបបាយកកដោយដៃមិនបានដាក់ចាន់នោះទេ គ្រានោះ ក៏បណ្ដាលឲ្យអួលក្មេងបានក្រោកឈររួចលោតចុះឡើង ប៉ុន្តែនៅតែមិនបាត់ ក៏រត់ទៅឲ្យម្ដាយមីងជួយដែលកំពុងអង្គុយនៅក្រោមផ្ទះ ម្នាយមីជួយរិតទ្រូង និងរាងកាយតែមិនអន់នោះឡើយ ទើបហៅញាតិក្បែរខាងឲ្យមកជួយតែនៅតែជួយមិនបានដដែល ។
ប្រភពដដែលបន្តទៀតថា ក្រោយអាជ្ញាធរមានសមត្តកិច្ចទទួលបានព័ត៌មាននេះភ្លាម បានសហការគ្នាចុះទៅធ្វើការពិនិត្យ និងធ្វើកំណត់ហេតុប្រគល់សាកសពក្មេងរងគ្រោះ ជូនក្រុមគ្រួសារសាច់ញាតិដើម្បីទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕ ប៉ឹម ពិន