ខេត្តពោធិ៍សាត់៖ នគរបាលស្រុកក្រគរបានអះអាងបុរសម្នាក់នេះ បានផឹកស្រាស្រវឹងជោកជាំចុះងូតទឹកស្ទឹង បណ្ដាលឲ្យលង់ស្លាប់យ៉ាងអាណោចអាធ័ម ។
ប្រពភពីនគរបាលបន្តថា ហេតុការណ៍មនុស្សលង់ទឹកស្លាប់ខាងលើ បានបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៣ និង២០នាទីរសៀល ថ្ងៃពុធ ១៤រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨ នៅក្នុងទឹកស្ទឹងធ្លាម្អម ត្រង់ចំណុចអន្លង់យាយរី ស្ថិតក្នុងភូមិត្រាំ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
ប្រភពបន្តទៀតថា ជនរងគ្រោះឈ្មោះ សឹុម រើន ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មានប្រពន្ធឈ្មោះ ឃុត សារ៉េត និងកូនប្រុសស្រីចំនួន ៣នាក់ក្នុងបន្ទុកគ្រួសារ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុខាងលើ ។
ប្រភពដដែលបន្តទៀតថា មន្រ្តីស្ថាប័នជំនាញពាក់ព័ន្ធសហការគ្នាចុះពិនិត្យ និងធ្វើការស្រាវជ្រាវ ក្នុងករណីនេះដើម្បីស្រង់យកចម្លើយជាភស្តុតាង លទ្ធផល៖ ជនរងគ្រោះអាចពិតជា(ស្លាប់)ដោយសារលង់ទឹកពិប្រាកដ ខណៈគេដឹងថាគាត់ចុះទៅងូតទឹកនៅគ្រាដែលស្រវឹងស្រា ហើយនៅលើខ្លួនប្រាណសាកសពក៍គ្មានស្លាកស្នាមអ្វីគួរឲ្យសង្ស័យនោះដែរ ទើបធ្វើកំណត់ហេតុប្រគល់សាកសពជូនក្រុមគ្រួសារសាច់ញាតិ ដើម្បីទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕ ប៉ឹម ពិន