ភ្នំពេញ ៖ សមត្ថកិច្ចបានត្រឹមតែទៅហិតក្លិនដានចោរប៉ុណ្ណោះមិនអាចធ្វើអ្វីបាននៅឡើយទេ កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨ បន្ទប់ហេតុការណ៍សង្ស័យក្រុមចោរមានជំនាញខ្ពស់បានធ្វើសកម្មភាពចូលគាស់ទូដែកលួចលុយអស់ខ្ទង់ម៉ឺនដុល្លារ ពីខាងក្នុងរោងចក្រកាត់ដេរសម្លៀកបំពាក់ យីហោ COCO ស្ថិតនៅតាមផ្លូវជាតិលេខ4 ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។
ប្រភពពីភ្នាក់ងាររដ្ឋបាលរោងចក្រ បានឱ្យដឹងថា កាលពីល្ងាចថ្ងៃទី10 ខែកក្កដា ឆ្នាំ2018 រោងចក្រខាងលើ បានបើកប្រាក់ខែជូនកម្មកររួចរាល់ ហើយនាយកក្រុមហ៊ុនបានយកលុយជិត2ម៉ឺនដុល្លារ ដាក់ក្នុងទូដែក បន្ទប់គណនេយ្យ។ រហូតដល់វេលាម៉ោង6និង15នាទីព្រឹក ថ្ងៃទី11 ខែកក្កដា ឆ្នាំ2018 ពេលបុគ្គលិកចូលធ្វើការ ទើបដឹងថា មានចោរចូលលួចគាស់ទូដែកលួចលុយ ផ្អើលឆោឡោប្តឹងប៉ូលិសចុះទៅពិនិត្យដល់រោងចក្រកាត់តែម្តង។
តាមសមត្ថកិច្ចជំនាញឲ្យដឹងថា ក្រុមជនសង្ស័យអាចមានគ្នាច្រើននាក់ បានកាត់របងលួស ចូលធ្វើសកម្មភាពកាត់ផ្តាច់ប្រព័ន្ធកាមេរ៉ាសុវត្ថិភាព ដកទាំងក្បាល DVR (ឧបករណ៍ផ្ទុកទិន្នន័យថតរូបភាព) ចេញ។ បន្ទាប់មក បានគាស់ទ្វារចូលទៅវាយបំបែកទូដែក លួចលុយអស់ជិត2ម៉ឺនដុល្លារ បានសម្រេច ហើយគេចខ្លួនបាត់ដោយសុវត្ថភាព ហើយសន្តិសុខយាមប្រចាំរោងចក្រចម្ងាយពីអគារកើតហេតុ ប្រហែល 50ម៉ែត្រ អត់ដឹងនោះឡើយ ។
ដល់ពេលក្រុមរដ្ឋបាល ជនជាតិចិន ខ្មែរ ចូលធ្វើការ ស្រាប់តែឃើញទ្វារត្រូវគាស់របើកចូលទៅក្នុងបន្ទប់ផ្នែកគណនេយ្យ រើកកាយតាមចិត្ត បណ្តាលឱ្យសម្ភារៈក្នុងការិយាល័យរប៉ាត់រប៉ាយ បន្ទាប់ពីកាត់ផ្តាច់យកក្បាល DVR (ឧបករណ៍ផ្ទុកទិន្នន័យថតរូបភាព) កាត់ខ្សែកាមេរ៉ាសុវត្ថិភាព ហើយក្បាលកាមេរ៉ាចំនួន2គ្រាប់ ត្រូវបានជនសង្ស័យកាច់បង្វែរខុសទិសដៅ និងផ្តាច់ទាំងប្រព័ន្ធកុំព្យូទ័រ ដកហូតហាតឌីស ចូលទៅពិនិត្យ ក្នុងបន្ទប់គណនេយ្យថែមទៀតផង៕