ខេត្តព្រៃវែង៖ នៅក្នុងពិធីតាំងពិព័រណ៌ផ្សារណាត់បន្លែ និងផលិតផលសុវត្ថិភាពនៅខេត្តព្រវែងកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ១៥រោច ខែបមឋមាសាឍ ឆ្នាំច សំរិទ្ធស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ លោកវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម បានណែនាំឲ្យអគ្គនាយកដ្ឋានកសិកម្ម ខិតខំឲ្យអស់លទ្ធភាព ក្នុងការផ្តល់វិញ្ញាបនបត្របញ្ជាក់ពីគុណភាព សុវត្ថិភាពបន្លែ ផ្លែឈើ និងផលិតផលផ្សេងៗ ដើម្បីធានា បាននូវតម្លាភាពទីផ្សារ សច្ចភាព និងយុត្តិធម៌ក្នុងការប្រកួតប្រជែង។
លោក វេង សាខុន បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានដាក់ចេញគោលការណ៍សំខាន់ៗ៤ចំណុច៖
ទី១. ធ្វើការបង្វែទិសដៅផលិតពីការផលិតសម្រាប់ផ្គត់ផ្គង់គ្រួសារ ទៅជាការផលិតដើម្បីធ្វើកសិពាណិជ្ជកម្ម កែប្រែសួនបន្លែទៅជាចំការបន្លែ។
ទី២. បញ្ចូលបច្ចេកទេសផលិត ការជ្រើសរើសពូជ ការប្រើប្រព័ន្ធដំណក់ទឹក ការប្រើប្រាស់ផ្ទះសំណាញ់ ដើម្បីកាត់បន្ថយហានិភ័យ បង្កើនផលិតភាពផលិតកម្មលើផ្ទៃដីដដែល។
ទី៣. កែលម្អខ្សែច្រវាក់ផលិតកម្ម ផលិតតាមផែនការឬតាមកម្មវិធីច្បាស់លាស់ ផលិតតាមការបញ្ជាទិញ តាមតម្រូវការទីផ្សារ និងចាំបាច់ ត្រូវអនុវត្តន៍តាមគោលការណ៍អនុវត្តន៍កសិកម្មល្អ (GAP) ហើយត្រូវធ្វើកសិកម្មតាមកិច្ចសន្យា។
ទី៤. ត្រូវគិតគូរពីការកែច្នៃ វេចខ្ចប់ដើម្បីបង្កើនតម្លៃបន្ថែម ថែរក្សា ទុកដាក់ និងមធ្យោបាយដឹក ជញ្ជូន ផលិតផល ទៅកាន់ទីផ្សារ ដើម្បីផ្តល់សេវាឲ្យមានប្រសិទ្ធភាព និងទាន់ពេលវេលា។
តួលេខក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បង្ហាញថា ក្នុង១ឆ្នាំៗកម្ពុជា បាននាំចូលបន្លែគិតជាបរិមាណចំនួនជាង១៤ម៉ឺនតោន ស្មើនឹងជាងពាក់កណ្តាលនៃបរិមាណតំរូវការបន្លែសរុបនៅក្នុងប្រទេស ហើយការនាំចូលបន្លែនេះទៀតសោត កម្ពុជាត្រូវចំណាយថវិកាប្រមាណ២០០លានដុល្លារ ។ បន្លែនាំចូលទាំងនោះ មានបន្លែខ្លះផ្ទុកទៅដោយសារធាតុគីមីច្រើនបង្កផលប៉ះពាល់ចំពោះសុខភាពយ៉ាងធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋរបស់យើង ៕