ភ្នំពេញ ៖ ដោយសារតែការមើលងាយពីសំណាក់គ្រួសារ បានធ្វើឲ្យនារីវ័យក្មេងស្រស់ស្អាតម្នាក់ ព្យាយាមប៉ុនប៉ងសម្លាប់ខ្លួនឯងដោយការរត់ចូលរថយន្តឲ្យបុកស្លាប់ បង្កការភ្ញាក់ផ្អើលដល់ អ្នកដំណើ និងប្រជាពលរដ្ឋក្បែរនោះ រួមទាំងមន្ត្រីនគរបាលចរាចរណ៍ដែលឈរជើងប្រចាំការក្បែរនោះជួយធ្វើអន្តរាគមន៍និងឃាត់ភ្លាមៗ ។
ករណីខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៤ និង៣០នាទីល្ងាចថ្ងៃព្រហស្បតិ៍ ១៥រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹង ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨នេះ នៅចំណុចគល់ស្ពានព្រះមុនីវង្សត្រើយខាងកើត ក្នុងសង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ ។
នារីវ័យក្មេងដែលប៉ងរត់ចូលឲ្យរថយន្តដើម្បីសម្លាញ់ខ្លួនឯងនេះ មិនត្រូវបានស្គាល់អត្តសញ្ញាណ មានអាយុប្រហែល២០ឆ្នាំ ជាកម្មការនីរោងចក្រ ។
ក្នុងហេតុការណ៍នោះដែល គេឃើញស្ត្រីវ័យចំណាស់ម្នាក់ បានមកអះអាងថា ជាម្តាយបង្កើតនារីរងគ្រោះ បានមកជាមួយបុរសម្នាក់ទៀត ដែលអះអាងជាពូផងដែរ ដោយពួកគេព្យាយាមសម្របសម្របសម្រួលកូនស្រីឲ្យត្រឡប់ទៅផ្ទះសិន ចាំនិយាយគ្នាតាមក្រោយទៀត សូមកូនកុំគិតធ្វើរឿងផ្តេសផ្តាសបែបនេះអី ។
យោងតាមសម្តីស្ត្រីជាម្តាយ បានឲ្យដឹងថា កូនស្រីគាត់ព្រោះតែខឹង នឹងបងប្អូនរបស់ខ្លួនដែលតែងតែមើលងាយមើលថោកទៅលើរូបនាង ទើបជាហេតុធ្វើឲ្យនាងអាក់អន់ស្រពន់ចិត្ត ក៏សម្រេចចាកចេញទៅស្នាក់នៅផ្ទះជួលខាងក្រៅតែឯងតែម្តង ។ លុះស្នាក់នៅតែឯងមិនបានប៉ុន្មានថ្ងៃផង ស្រាប់តែស្ត្រីជាម្តាយទូរស័ព្ទណាត់ជួបកូននៅចំណុចគល់ស្ពានច្បារអំពៅ ដោយសុំឲ្យកូនស្រីត្រលប់ទៅនៅផ្ទះជួលរស់នៅជុំគ្នា ជាមួយបងប្អូនដូចមុន តែនាងមិនព្រម ក៏សម្រេចប៉ងរត់ចូលរថយន្តឲ្យបុករូបគេ បង្កការភ្ញាក់ផ្អើលតែម្តង ។ ភ្លាមនោះមន្ត្រីនគរបាលចរាចរណ៍ដែលឈរជើងប្រចាំការក្បែរនោះជួយធ្វើអន្តរាគមន៍ ដោយចាប់ឃាត់រូបនាងមិនឲ្យរត់ចូលរថយន្ត ។
ក្រោយកើតហេតុ បន្ទាប់ពីមានការសម្របសម្រួលពីសំណាក់នគរបាលចរាចរណ៍និងប្រជាពលរដ្ឋរួចមក នាងក៏ព្រមជិះម៉ូតូជាមួយបុរសជាឪពុកមាយ ចាកចេញទៅបាត់តែម្តង ដោយឡែកស្ត្រីជាម្តាយ បានជិះម៉ូតូរ៉ឺម៉កតាមកូនស្រីពីក្រោយផងដែរ ៕ ស តារា