ព័ត៌មានទាន់ហេតុការណ៍៖

រុះរើផ្ទាំងប៉ាណូពាណិជ្ជកម្មចាស់ នៅកណ្តាលក្រុងខេមរភូមិន្ទតាមសំណូមពរពលរដ្ឋ

ចែករំលែក៖

ខេត្តកោះកុង: បន្ទាប់ពីមានសំណូមពរពីប្រជាពលរដ្ឋដែលស្នើសុំ ឲ្យរុះរើផ្ទាំងប៉ាណូពាណិជ្ជកម្មចាស់ នៅកណ្តាលក្រុងនោះ កាលពី ថ្ងៃ ព្រហស្បតិ៍ ១៥ រោច ខែ បឋមាសាឍ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ អាជ្ញាធរក្រុងខេមរភូមិន្ទបានសហការជាមួយមន្ទីរជំនាញក្នុងខេត្តកោះកុង បានសម្រេចចុះកាត់រុះរើផ្ទាំងប៉ាណូពាណិជ្ជកម្ម ដែលសភាពចាស់ទ្រុឌទ្រោមខ្លាំង ដើម្បីជៀសវាងការបង្កគ្រោះថ្នាក់ជាយថា ហេតុណាមួយដល់ប្រជាពលរដ្ឋអ្នកដំណើរឆ្លងកាត់ជុំវិញផ្សារដងទង់ ។

អភិបាលក្រុងខេមរភូមិន្ទ លោក ឈេង សុវណ្ណដា បានឲ្យដឹងថា ការកាត់រុះរើផ្ទាំងប៉ាណូពាណិជ្ជកម្មចាស់នេះ សមត្ថកិច្ចជំនាញបានប្រើរថយន្តស្ទួចចំនួន២គ្រឿង ព្រោះតែបារម្ភពីសុវត្ថិភាពរាល់ពេលធ្វើដំណើររបស់ប្រជាពលរដ្ឋទៅមក ខ្លាចដែកចាស់ បាក់សង្កត់លើខ្លួន ខណៈរដូវវស្សាមានខ្យល់បោកបក់ខ្លាំង។

លោក ឈេង សុវណ្ណដា បានបញ្ជាក់ទៀតថា ផ្ទាំងប៉ាណូពាណិជ្ជកម្មដែលមានស្ថានភាពចាស់ទ្រុឌទ្រោមខ្លាំង មានបណ្តោយ៦ម៉ែត្រ និងទទឹង៥ម៉ែត្រពុំមានក្រុមហ៊ុនណាមួយ បន្តសុំសិទ្ធិផ្សព្វផ្សាយពាណិជ្ជកម្មឡើយ គ្រាដែលជាង១០ឆ្នាំមុន ជាផ្ទាំងប៉ាណូនេះទទួលផ្សាយពាណិជ្ជកម្មដោយក្រុមហ៊ុនទូរស័ព្ទ Hello បច្ចុប្បន្នសមាហរណកម្មជាមួយក្រុមហ៊ុនទូរស័ព្ទចល័ត Smart រួចទៅហើយនោះ។

លោកក៏បានអរគុណរាល់ការសំណូមពរ និងមតិរិះគន់ក្នុងន័យស្ថាបនាកែលម្អឲ្យល្អប្រសើរក្នុងសង្គមមូលដ្ឋានរស់នៅរបស់ពលរដ្ឋផងដែរ។ និយាយបែបនេះ ពុំមែនអាជ្ញាធរប្រងើយកន្តើយនឹងមតិស្នើសុំឡើងរបស់ពលរដ្ឋទេ ពោលគឺអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធមានសិទ្ធិពេញលេញរៀបចំសណ្តាប់ធ្នាប់ និងផ្តល់សេវាសាធារណៈគ្រប់ពេលវេលា ប៉ុន្តែបញ្ហាខ្លះក៏ត្រូវការពេលវេលាដើម្បីសិក្សាពីសាវតានៃរឿងរ៉ាវជាមុនសិន មុននឹងដោះស្រាយបញ្ហា ខណៈ ផ្ទាំងប៉ាណូចាស់ក្បែរកាច់ជ្រុងផ្សារដងទង់នេះ ត្រូវបានប្រជាពលរដ្ឋ និងអ្នកលេងហ្វេសប៊ុកមួយចំនួន បានរិះគន់ និងបានសាទរចំពោះការយកចិត្តទុកដាក់អំពីសុវត្ថិភាពអ្នកដំណើរជា និងសណ្តាប់ធ្នាប់សោភណ្ឌភាពសាធារណៈរបស់អាជ្ញាធរដែនដី ៕ សហការី


ចែករំលែក៖