ព័ត៌មានទាន់ហេតុការណ៍៖

ទ្វារទំនប់វារីអគ្គិសនីកំចាយត្រូវបានបើកដើម្បីរំដោះទឹក

ចែករំលែក៖

ខេត្តកំពត ៖ គិតត្រឹមម៉ោង២រសៀលថ្ងៃ ព្រហស្បតិ៍ ១៥រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ ២០១៨ កម្ពស់ទឹកអាងស្តុកទឹកទំនប់វារីអគ្គិសនីបានបន្តកើនឡើងដល់១៤៨ម៉ែត្រ។ ប៉ុន្តែក្រុមហ៊ុននៅមិនទាន់ បើកទ្វារអាងស្តុកទឹកនៅឡើយទេដោយ បន្តរង់ចាំមើលអាកាសធាតុ និងកម្រិតទឹក តើមានការកើនឡើងបន្ថែមឬយ៉ាងណា? ព្រោះកម្រិតដែលត្រូវបើកទ្វាររំដោះទឹក កម្ពស់១៥០ម៉ែត្រ ។

ក្រោយពេលក្រុមហ៊ុនស៊ីណូហាយដ្រូកំចាយបានចេញសេចក្ដីជួនដំណឹងអំពីការបើកទ្វារអាងស្តុកទឹកនៃទំនប់វារីអគ្គិសនី កំចាយថានឹងបើកនៅម៉ោង៥ល្ងាចថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨ ប្រជាពលរដ្ឋរស់នៅ តាមដងព្រែកប្រជានេសាទអាជ្ញាធរ និង សមត្ថកិច្ចបានត្រៀមខ្លួនរួចជាស្រេចក្នុង ចាត់វិធានការរបស់ខ្លួនដើម្បីបញ្ចៀសឲ្យបាននូវផលប៉ះពាល់ផ្សេងៗ ពិសេសការ ជន់លិចដែលអាចបណ្តាលមកពីការបើកទ្វារអាងស្តុកទឹកនោះ ។

ប៉ុន្តែគិតមកដល់ម៉ោង២រសៀលថ្ងៃទី ១២ ខែកក្កដាក្រុមហ៊ុនស៊ីណូហាយដ្រូនៅមិនទាន់បើកទ្វារបង្ហូរទឹកនៅឡើយទេដោយពួកគេបានសង្កេតស្ថានភាពអាកាសធាតុ ព្រោះពេលនេះទូទាំងខេត្តកំពតមានផ្ទៃ មេឃអាប់អួរនៅឡើយ។ តំបន់ខ្លះមានធ្លាក់ ភ្លៀងនៅឡើយ ពិសេសតំបន់ជួយភ្នំកំចាយ ដែលរងសម្ពាធទាបបង្កឲ្យមានភ្លៀងធ្លាក់បន្តិចៗមិនទាន់ដាច់គ្រាប់នៅឡើយ។ ខណៈ ដែលកម្ពស់ទឹក១៤៦ម៉ែត្រនៅថ្ងៃទី១១ ខែកក្កដាបានឡើងដល់១៤៨ម៉ែត្រនៅ រសៀលថ្ងៃទី១២ ខែកក្កដា ។

លោក ជាវ តាយ អភិបាលខេត្តកំពត បានបង្ហាញអំពីការព្រួយបារម្ភអំពីការបើកទ្វារអាងស្តុកទឹករបស់ទំនប់វារីអគ្គិសនីនៅក្នុងកិច្ចប្រជុំស្វែងរកដំណោះស្រាយការ ផលិតអំបិលនៅថ្ងៃទី១២ ខែកត្តដា ឆ្នាំ ២០១៨ថា ប្រសិនបើមេឃនៅតែបន្តភ្លៀង កម្រិតទឹកតែកើនឡើងខ្ពស់នោះក្រុមហ៊ុនស៊ីណូហាយដ្រូគ្មានជម្រើសអ្វីក្រៅអំពីការបើកទ្វាររំដោះទឹកទេ ហើយថាបើកក្រុមហ៊ុន បើកតិចវាមិនជន់លិចអ្វីឡើយ ប៉ុន្តែបើបើកខ្លាំងអាចទឹកហូរចូលសមុទ្រមិនទាន់បង្ក ឲ្យមានគ្រោះមហន្តរាយជនលិចតំបន់នៅតាមដងព្រែកកំពង់បាយ ។

មកដល់ពេលនេះស្ថានភាពអ្នកលក់ដូរនៅតាមដងព្រែកខាងក្រោមខ្សែទឹកនៃទនប់វារីអគ្គិសនីកំចាយពិសេសតំបន់រមណីយ ដ្ឋានទឹកឈូ និងតាមដងព្រែកនៅដំណើរការបើកឲ្យភ្ញៀវចូលទៅកម្សាន្តនៅឡើយទេ។ ប៉ុន្តែម្ចាស់កន្លែងបានយកចិត្តទុកដាក់ នឹងតាមដានព័ត៌មានជាប់ជានិច្ចដើម្បីចាត់វិធានការការពារ និងប្រុងប្រយ័ត្នឱ្យបានទាន់ ពេលវេលាបង្ការទប់ស្កាត់ផលប៉ះពាល់ ដែលអាចបណ្តាលឲ្យមានទឹកជន់លិច ។

ចំណែកប្រជានេសាទភាគច្រើនមិន បានចេញទៅនេសាទទេដោយសារអាកាស ធាតុមិនអំណោយផលមានភ្លៀងធ្លាក់ ច្រើន និងផ្ទៃមេឃងងឹតមានពពកច្រើន ។

ទាំងក្រុមហ៊ុនទាំងពលរដ្ឋអាជ្ញាធរ និងកម្លាំងរបស់ស្នងការដ្ឋាននគរបាលជាតិ ខេត្តកំពតបានកំពុងតាមដានបញ្ហានេះយ៉ាង យកចិត្តទុកដាក់បំផុត ហើយបន្តសហការគ្នាធ្វើយ៉ាងណាបញ្ចៀសទឹកជន់លេចដោយ ទឹកភ្លៀងនេះឲ្យអស់ពីលទ្ធភាព ៕ ហេង សូរិយា


ចែករំលែក៖