ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់យ៉ាងតិច២នាក់ករណីគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកណ្តាលស្ទឹង

ចែករំលែក៖

ខេត្តកណ្តាល៖ យ៉ាងតិចមនុស្ស២នាក់បានបាត់បង់ជីវិតនៅកន្លែងកើតហេតុ បន្ទាប់ពីករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និង ម៉ូតូ កាលពីវេលាម៉ោង៨និង១០នាទីយប់ ថ្ងៃសុក្រ ១កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅលើផ្លូវជាតិលេខ២ គីឡូម៉ែត្រ២៨-២៩ ភូមិពន់ចាន ឃុំព្រែកស្លែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

សាក្សីនិយាយថា រថយន្តម៉ាក Hyundai កូរ៉េ ពណ៌ខៀវលាយស ពាក់ស្លាកលេខ ភ្នំពេញ 3A-6381 បើកបរក្នុងទិសដៅពីជើងមកត្បូង(ពីភ្នំពេញទៅតាកែវ)មកដល់កន្លែងកើតហេតុខាងលើបានរេចង្កូតមកខាងឆ្វេងទៅបុកនិងម៉ូតូម៉ាកWave សេ១១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1V-7090 បើកបរក្នុងទិសដៅពីត្បូងមកជើង (ពីតាកែវមកភ្នំពេញ) បញ្រ្ចាសគ្នាចំពីមុខផ្នែកង្គៀងខាងឆ្វេង បណ្ដាលឲ្យអ្នកបើកបរម៉ូតូស្លាប់ទាំង ២នាក់នៅកន្លែងកើតហេតុ។

សមត្ថកិច្ចបានឲ្យដឹងថា អ្នកបើកបរម៉ូតូឈ្មោះ សេង សុខហេង ភេទប្រុស អាយុ២៤ឆ្នាំ មានអ្នករួមដំណើរម្នាក់ ឈ្មោះ ជឹម វណ្ណាត ភេទប្រុស អាយុ២៣ឆ្នាំ ត្រូវជាបងប្អូននឹងគ្នា អ្នកទាំង២នាក់នៅភូមិក្រាំងធ្នង់ ឃុំក្រាំង ស្រុកបាទី ខេត្តតាកែវ ស្លាប់នៅកន្លែងកើតហេតុទាំង២នាក់។ ភាគីរថយន្តម៉ាក Hyundaiកូរ៉េប្រភេទដឹកទំនិញ អ្នកបើកបររត់គេចខ្លួនបាត់ ៕


ចែករំលែក៖