ខេត្តឧត្តរមានជ័យ៖ លោក គន់ គីម ប្រធានក្រុមការងារថ្នាក់កណ្តាល និងជាបេក្ខជនតំណាងរាស្ត្រមណ្ឌលឧត្តរមានជ័យ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨នេះ បានបន្តចុះជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋឃុំត្រពាំងតាវ ស្រុកអន្លង់វែង ដើម្បីធ្វើការឃោសនារកសំឡេងឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៩ ខែកក្កដាខាងមុខនេះ។
ថ្លែងក្នុងឱកាសនោះ លោក គន់ គីម បានលើកសសើរការខិតខំរបស់ក្រុមការងារ និងគណបក្សគ្រប់ថ្នាក់ ព្រមទាំងអរគុណចំពោះសមាជិក សមាជិការគណបក្ស និងប្រជាពលរដ្ឋដែលបានចូលរួម និងគាំទ្រគណបក្សប្រជាជន ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតនេះយ៉ាងសស្រាក់សស្រាំ ការសម្រេចចិត្តក្នុងការគាំទ្រគណបក្សប្រជាជន គឺពិតជាត្រឹមត្រូវ ពីព្រោះមានតែគណបក្សប្រជាជនទេដែលរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ ទីណាប្រជាពលរដ្ឋមានទុក្ខលំបាក ទីនោះមានមុខគណបក្សប្រជាជនជួយដោះស្រាយ មិនដូចគណបក្សផ្សេងដែលដើរសន្យាចោល។
បើតាមលោក គន់ គីម ក្រោមការដឹកនាំរបសគណបក្សប្រជាជនកម្ពុជា ការយកពន្ធមួយចំនួនត្រូវបានលុបចោល ក្នុងនោះរួមមានការលុបចោលការ យកពន្ធលើដីស្រែ ការយកពន្ធលើការលក់ដូរកញ្ច្រែង កញ្ជើល្អី រួមទាំងការលុបចោលការយកពន្ធលើផ្នែកមួយចំនួនទៀត ជីវភាពរស់នៅប្រចាំថ្ងៃ របស់ប្រជាជនត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់។
លោកសង្កត់ធ្ងន់ថា បើគណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោត គណបក្សប្រជាជននឹងបន្តអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ឲ្យកាន់តែរីកចម្រើនខ្លាំងក្លា និងកាន់តែមានមូលដ្ឋានរឹងមាំ ដែលធានាឲ្យប្រជាជនមានជីវភាពរស់នៅយ៉ាងសមរម្យ ថ្លៃថ្នូរ ដោយចាក់ផុតពីភាពក្រីក្រ, ពីគ្រោះអវិជ្ជា, ពីជំងឺតម្កាត់នានា, ពីការកេងប្រវ័ញ្ច និងអំពើហិង្សាគ្រប់រូបភាព, កាត់បន្ថយថ្លៃអគ្គិសនី ចាប់ពីឆ្នាំ២០១៩ និង២០២០ខាងមុខនេះ ដើម្បីអនុវត្តការបញ្ចុះតម្លៃអគ្គិសនីបានរដ្ឋត្រូវលះបង់ចំណូលពន្ធ៤០លានដុល្លារ ក្នុង១ឆ្នាំ។
លោក គន់ គីម បានបញ្ជាក់ថា ដើម្បីឲ្យគណបក្សប្រជាជន មានឱកាសអនុវត្តបានតាមការលើកឡើងខាងលើ ក្នុងនាមលោកជាបេក្ខជនតំណាងរាស្ត្រមណ្ឌលខេត្តឧត្តរមានជ័យ សូមឲ្យប្រជាពលរដ្ឋបន្តបោះឆ្នោតជូនគណបក្សប្រជាជនជាបន្តទៀត ដែលមានលេខរៀងទី២០៕