ខេត្តពោធិ៍សាត់៖ លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានបញ្ជាក់ការផ្តល់ភាពកក់ក្តៅ និងភាពសុខសាន្ត ជូនប្រជាពលរដ្ឋ គឺផ្តើមចេញពីការខិតខំប្រឹងប្រែង របស់លោក មេភូមិ មេឃុំ មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាល និងកម្លាំងប្រជាការពារភូមិ ក្នុងមូលដ្ឋានផ្ទាល់ ។
លោក បានបញ្ជាក់បែបនេះកាលពីថ្ងៃសុក្រ ១កើត ខែទុតិយាសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ ក្នុងឱកាសជួបសំណេះសំណាល និងពិសាបាយសាមគ្គី ជាមួយបងប្អូនប្រជាពលរដ្ឋ កម្លាំងប្រជាការពារភូមិប្រមាណជាង ១ពាន់នាក់ មកពីចំនួន ៣ គឺភូមិស្មែត ភូមិអូររំចេក និងភូមិរំលេចស្រែក្តី ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់ នៅក្នុងបរិវេណវត្តល្អាង១២ ដោយអញ្ជើញចូលរួមពីទីប្រឹក្សាក្រសួងមហាផ្ទៃ លោក លោកស្រី អភិបាលរងខេត្ត តំណាងមន្ទីរក្នុងខេត្តយ៉ាងច្រើនកុះករ។
អភិបាលខេត្តបានថ្លែងទៀតថា លោកមេភូមិ លោកមេឃុំ មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាល និងបងប្អូនកម្លាំងប្រជាការពារភូមិ ក្នុងឃុំក្រពើពីរ មានតួនាទីភារកិច្ច ក្នុងការគ្រប់គ្រងដឹកនាំថែរក្សាការពារសន្តិសុខសណ្តាប់ធ្នាប់ និងផ្តល់នូវភាពកក់ក្តៅ ជូនដល់ប្រជាពលរដ្ឋនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ហើយអ្នកទាំងនោះត្រូវមានព្រហ្មវិហាធម៌ទាំង៤ មានសុឆន្ទះបម្រើការងារសង្គម និងជូនប្រជាពលរដ្ឋ នៅថ្នាក់មូលដ្ឋាន។ យើងដឹងហើយថា ថ្វីត្បិតតែនៅទូទាំងប្រទេស មានសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃកម្ពុជា យ៉ាងណាក៏ដោយ ក៏យើងនៅតែពង្រឹង សម្តៅធ្វើយ៉ាងណាឱ្យមូលដ្ឋាន ទទួលបានភាពកក់ក្តៅ និងរស់នៅដោយភាពសុខសាន្ត។ បានថ្លែងទទួលស្គាល់ថា ថ្វីត្បិតតែយើងមាន ហេដ្ឋារចនាសម្ព័ន្ធតាំងពីថ្នាក់លើរហូតដល់ថ្នាក់មូលដ្ឋាន សម្រាប់គ្រប់គ្រង និងដឹកនាំយ៉ាងណាក៏ដោយ ក៏នៅមានមន្ត្រីមូលដ្ឋានរបស់យើង មួយចំនួនតូច បង្ករឲ្យមានការថ្នាំងថ្នាក់ ដល់អារម្មណ៍របស់ប្រជាពលរដ្ឋ តែនេះគឺជាលក្ខណៈបុគ្គល យើងអាចកែតម្រូវវិញបាន កត្តាសំខាន់នោះ សូមឲ្យប្រជាពលរដ្ឋគិតគូអំពីបញ្ហាសង្គមជាតិជាធំ បើមានបញ្ហាប្រឈមនៅក្នុងមូលដ្ឋាន ត្រូវតែរួមគ្នាធ្វើ រួមគ្នាដោះស្រាយ។
លោកបានឱ្យដឹងដែរថា នៅពេលខាងមុខនេះ នៅក្នុងតំបន់នេះ មានគម្រោងអភិវឌ្ឍន៍ជាច្រើន ដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្រ របស់បងប្អូន តែទោះជាយ៉ាងនេះ សូមឲ្យបងប្អូនរស់នៅទីនេះ ចូលរួមជួយថែរក្សាការពារធនធានធម្មជាតិ ជម្រុញការដាំដុះដំណាំគ្រប់ប្រភេទ សម្រាប់ហូបចុកផង និងធ្វើការនាំចេញទៅលក់លើទីផ្សារ ទាំងក្នុងនិងក្រៅប្រទេស ជាពិសេសខេត្តត្រាតប្រទេសថៃជាដើម។
លោកបានសំណូមពរ ដល់អាជ្ញាធរមូលដ្ឋាន បន្តការខិតខំប្រឹងប្រែង តស៊ូ ព្យាយាម អត់ធ្មត់ ក្នុងការបម្រើសេវាសាធារណៈ ដោយអនុវត្តយន្តការសំខាន់ គឺយន្តការរបស់រដ្ឋ អនុវត្តការងារ ដោយផ្អែកទៅលើច្បាប់ និងយន្តការលក្ខណៈគ្រួសារ បងប្អូនត្រូវតែស្គាល់សុខ ស្គាល់ទុក្ខជួយដោះស្រាយគ្នាភ្លាមៗ កុំឱ្យមានការថ្នាំងថ្នាក់ ដែលនាំឱ្យ មានការប៉ះពាល់ដល់ប្រជាពលរដ្ឋ។ បើបុគ្គលខុសឆ្គង កុំឱ្យប៉ះពាល់ដល់សង្គម វាជារឿងបុគ្គលយើងអាចសម្របសម្រួលគ្នាបាន កត្តាដែលសំខាន់នោះ ត្រូវគិតពីប្រយោជន៍ជាតិជាធំ ព្រោះប្រមុខរាជរដ្ឋាភិបាល ខិតខំកសាងបានសមិទ្ធផលជាច្រើន ដូចនេះត្រូវថែរក្សាការពារបានយូរអង្វែង ដល់កូនចៅយើងជំនាន់ក្រោយៗទៀត ហើយសង្ឃឹមថាបងប្អូនប្រជាពលរដ្ឋយើង នឹងចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ឲ្យបានទាំងអស់គ្នា៕ ប៉ឹម ពិន