ព័ត៌មានទាន់ហេតុការណ៍៖

ពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី២៥ នៃទិវាកងរាជអាវុធហត្ថ និងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគារបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀងជាង៣លានដុល្លារអាមេរិក

ចែករំលែក៖

ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃសៅរ៍ ២កើត ខែទុតិយាសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកស្រីបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី២៥ នៃទិវាកងរាជអាវុធហត្ថ និងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគារបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង ស្ថិតនៅភូមិថ្មី សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។

បន្ទាប់ពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការស្ដីទីកងយុទ្ធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានឡើងអានរបាយការណ៍ និងសមិទ្ធិផលនានារួចមក សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិក៏ បានដាក់ចេញនូវបទបញ្ជា ចំនួន៤ចំណុចសំខាន់ៗ ឲ្យកងកម្លាំង កងរាជអាវុធហត្ថ អនុវត្តឲ្យបាន នៅមុនពេល និងអំឡុងពេល នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នាចុងខែកក្កដានេះ​ ។

បទបញ្ជាទី១. កងរាជអាវុធហត្ថ ត្រូវពង្រឹងការការពារសន្តិភាព ស្ថិរភាពនយោបាយ ទី២. រួមគ្នាធានាឲ្យបានការបោះឆ្នោត ដែលដំណើរការដោយសេរី យុត្តិធម៌ ដែលច្បាប់បោះឆ្នោតបានតម្រូវ ។ ទី៣. បន្តលើកកម្ពស់ការថែរក្សាសុខសន្តិភាព សាធារណៈ តាមរយៈការពង្រឹងវិន័យ សីលធម៌ ឲ្យសង្គមកាន់តែមានស្ថិរភាព និងចំណចទី៤. កងរាជអាវុធហត្ថ ត្រូវបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការល្អ ជាមួយស្ថាប័ន ក្រសួង និងប្រទេសជាមិត្ត ធ្វើយ៉ាងណាសំដៅ ធ្វើឲ្យប្រទេសរីកចម្រើន និងជីវភាពប្រជាពលរដ្ឋ កាន់តែរីកចម្រើន ។

សម្តេចពិជ័យសេនា នៅក្នុងឱកាសដដែលនេះ​ ក៏បានអបអរសាទរផងដែរ ចំពោះសកម្មភាព របស់កងរាជអាវុធហត្ថ ដែលបានអនុវត្តកន្លងមក ដោយបានរួមចំណែក ជាមួយរាជរដ្ឋាភិបាល គ្រប់កាលៈទេសៈទាំងអស់ ក្នុងការការពារជាតិមាតុភូមិ ។ ក្នុងឱកាសនោះសម្តេចក៏បានលើកឡើងដែរថា ការប្រារព្ធពិធីអបអរសាទរនាថ្ងៃនេះ គឺជាការលើកទឹកចិត្ត ​របស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ ចំពោះកងរាជអាវុធហត្ថ ។ មិនត្រឹមតែប៉ុណ្ណោះ ក៏ដើម្បីពង្រឹងបន្ថែមទៀត នូវការថែរក្សាសុខសន្តិភាព ។ សម្តេចថា សុខសន្តិភាពនេះហើយ ដែលបានធ្វើឲ្យប្រទេសរីកចម្រើន ដូចបច្ចុប្បន្ន៕ យឹម សុថាន


ចែករំលែក៖